Swift cc time

តុលាការអាម៉េរិកចោទមនុស្ស ១១ នាក់ក្នុងគម្រោងអាពាហ៍ពិពាហ៍ក្លែងក្លាយពាក់ព័ន្ធនឹងជនជាតិចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រូបថតនៃពិធីមង្គលការក្លែងក្លាយមួយដែលបានធ្វើឡើងនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2025 រវាងជនបរទេសម្នាក់ (ខាងឆ្វេង) និងជនសង្ស័យម្នាក់គឺ Erika Johnson។ ពិធីនេះត្រូវបានប្រារព្ធឡើងដោយចុងចោទម្នាក់ទៀតគឺ Anthony Cheng (កណ្តាល) នេះបើយោងតាមឯកសាររបស់តុលាការ។ (រូបថត៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក)

វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌អាម៉េរិកបានចោទប្រកាន់មនុស្ស ១១ នាក់ពីបទចូលរួមក្នុងគម្រោងរាប់លានដុល្លារដើម្បីជួយជនជាតិចិនរាប់រយនាក់ឱ្យទទួលបានប័ណ្ណបៃតងដោយក្លែងបន្លំតាមរយៈអាពាហ៍ពិពាហ៍ក្លែងក្លាយជាមួយពលរដ្ឋអាម៉េរិក។ យោងតាមឯកសារតុលាការ ពលរដ្ឋអាម៉េរិកត្រូវបានបង់ប្រាក់រហូតដល់ ៣០.០០០ ដុល្លារអាម៉េរិកដើម្បីរៀបការក្លែងក្លាយជាមួយជនអន្តោប្រវេសន៍ដែលស្វែងការរស់នៅអចិន្ត្រៃយ៍ស្របច្បាប់នៅអាម៉េរិក ដែលជាគម្រោងដែលរៀបចំឡើងពីទីក្រុងញូវយ៉ក។

បើតាមតុលាការអាម៉េរិក ជនពាក់ព័ន្ធតម្រូវឲ្យបង់ប្រាក់រហូតដល់ ១០០.០០០ ដុល្លារអាម៉េរិកក្នុងមួយប័ណ្ណបៃតង ដែលនាំមកនូវប្រាក់ចំណូលរាប់សិបលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍។ជនសង្ស័យដែលមានអាយុចន្លោះពី ២៦ ទៅ ៧២ ឆ្នាំត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃពុធ។ តុលាការអាម៉េរិកបានរកឃើញថា ចាប់ពីតាំងឆ្នាំ ២០១៦ ជនសង្ស័យទាំងនេះបានដំណើរការបណ្តាញក្លែងបន្លំអាពាហ៍ពិពាហ៍ទូទាំងប្រទេស និងអន្តរជាតិដែលបានរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយរវាងជនបរទេស ជាចម្បងមកពីប្រទេសចិន និងពលរដ្ឋអាម៉េរិក។

ទោះបីជាមានមូលដ្ឋានភាគច្រើននៅក្នុងទីក្រុងញូវយ៉កក៏ដោយ បណ្តាញនេះត្រូវបានគេចោទប្រកាន់ថាបានរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយនៅទូទាំងសហរដ្ឋអាម៉េរិក និងនៅបរទេស រួមទាំងប្រទេសវ៉ានូអាទូ និងប្រទេសចិន។ អាជ្ញាធរជឿថាក្រុមនេះបានរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយជាង ១,០០០ ដង ដែលជាការក្លែងបន្លំអាពាហ៍ពិពាហ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង