ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានជំរុញឱ្យក្រុមហ៊ុន Toyota ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មប្រចាំតំបន់របស់ខ្លួនពីប្រទេសថៃ មកកាន់ប្រទេសឥណ្ឌូណេស៊ី ដោយបានសន្យាផ្តល់ការលើកទឹកចិត្តពិសេស (Incentives) តាមតម្រូវការ ដើម្បីធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាមូលដ្ឋានផលិតកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ជាងមុន។ លោករដ្ឋមន្ត្រីបានចោទជាសំណួរថា ហេតុអ្វីបានជាថៃនៅតែជាមជ្ឈមណ្ឌលផលិតយានយន្តប្រចាំតំបន់ ខណៈឥណ្ឌូណេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ច និងប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។នេះបើយោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
លោក Purbaya បានគូសបញ្ជាក់ថា ថ្វីបើប្រទេសថៃបានកសាងឧស្សាហកម្មយានយន្ត និងបណ្តាញផ្គត់ផ្គង់យ៉ាងរឹងមាំជាច្រើនទសវត្សរ៍មកហើយក្តី លោកទទួលស្គាល់ថា កត្តាដែលធ្វើឱ្យឥណ្ឌូណេស៊ីដើរក្រោយថៃនាពេលកន្លងមក គឺដោយសារគោលនយោបាយលើកទឹកចិត្តវិនិយោគនៅមានកម្រិត។ ដូច្នេះ ឥណ្ឌូនេស៊ី កំពុងសម្រួលនីតិវិធីផ្តល់អាជ្ញាបណ្ណ និងបង្កើតកញ្ចប់លើកទឹកចិត្តថ្មីៗ ដើម្បីទាក់ទាញទាំងរោងចក្រដំឡើងរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល ដូចជា ដែកថែប អេឡិចត្រូនិក និងគ្រឿងបន្លាស់ជាដើម។
ជាចុងក្រោយ លោក Purbaya បានបញ្ជាក់ថា ឥណ្ឌូណេស៊ីមានរោងចក្រផលិតរបស់ Toyota រួចហើយ ប៉ុន្តែរដ្ឋាភិបាលចង់ពង្រីកតួនាទីរបស់ខ្លួនក្នុងការផលិតយានយន្តប្រចាំតំបន់បន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងបន្លាស់ ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាមួយថៃក្នុងការទាក់ទាញការវិនិយោគថ្មីៗ ជាពិសេសលើវិស័យយានយន្តអគ្គិសនី (EV) និងឧស្សាហកម្មពាក់ព័ន្ធ៕