Swift cc time

សិង្ហបុរី នឹងផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៥០០ ដុល្លារ/ម្នាក់ ដល់យុវជនវ័យក្មេង ដើម្បីទប់ទល់ការចំណាយប្រចាំថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នឹងផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី ៤០០ ដល់ ៦០០ ដុល្លារសិង្ហបុរី (ប្រមាណ ៣១០ ដល់ ៤៧០ ដុល្លារអាម៉េរិក) ជូនដល់ពលរដ្ឋពេញវ័យជាង ២.៤ លាននាក់ នៅខែកញ្ញាខាងមុខ ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃ។ ទឹកប្រាក់នេះនឹងត្រូវផ្ទេរជូនដោយស្វ័យប្រវត្តិចាប់ពីថ្ងៃទី ៩ ខែកញ្ញា តទៅ។

យោងតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់ឧបត្ថម្ភពិសេសសម្រាប់ថ្លៃជីវភាព (Cost-of-Living Special Payment) នេះ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ ក្នុងឆ្នាំ ២០២៦ ដែលរស់នៅក្នុងប្រទេស មានប្រាក់ចំណូលជាប់ពន្ធមិនលើសពី ១០០,០០០ ដុល្លារសិង្ហបុរី ក្នុងឆ្នាំវាយតម្លៃ ២០២៥ និងមានអចលនទ្រព្យមិនលើសពីមួយកន្លែង។

កម្រិតទឹកប្រាក់ដែលទទួលបាន នឹងផ្អែកលើប្រាក់ចំណូល និងតម្លៃប្រចាំឆ្នាំនៃផ្ទះរបស់ពួកគេ ដោយអ្នកដែលមានប្រាក់ចំណូលរហូតដល់ ២២,០០០ ដុល្លារសិង្ហបុរី និងមានតម្លៃផ្ទះមិនលើសពី ១៥,០០០ ដុល្លារសិង្ហបុរី នឹងទទួលបានទឹកប្រាក់អតិបរមា ៦០០ ដុល្លារសិង្ហបុរី។

ការឧបត្ថម្ភនេះ ដើមឡើយត្រូវបានប្រកាសនៅក្នុងកញ្ចប់ថវិកាជាតិឆ្នាំ ២០២៦ រវាង ២០០ ដល់ ៤០០ ដុល្លារសិង្ហបុរី ប៉ុន្តែរដ្ឋាភិបាលបានសម្រេចបន្ថែម ២០០ ដុល្លារសិង្ហបុរីទៀត កាលពីខែមេសា ដើម្បីជួយពលរដ្ឋទប់ទល់នឹងការកើនឡើងនៃតម្លៃទំនិញ ដែលបណ្តាលមកពីវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋាភិបាលសិង្ហបុរី ក៏បានប្រកាសកញ្ចប់ជំនួយទីពីរ ដោយផ្តល់ប័ណ្ណទិញទំនិញ CDC ចំនួន ៣០០ ដុល្លារសិង្ហបុរីបន្ថែមទៀតសម្រាប់គ្រួសារនីមួយៗនៅខែមករាឆ្នាំក្រោយ ព្រមទាំងកំពុងផ្តល់ប្រាក់ឧបត្ថម្ភ Goods and Services Tax (GST) Voucher ចាប់ពី ៤៥០ ដល់ ៨៥០ ដុល្លារសិង្ហបុរី ជូនដល់ពលរដ្ឋប្រមាណ ១.៥ លាននាក់នៅក្នុងខែសីហានេះ៕

Khcct banner

អត្ថបទទាក់ទង