Swift cc time

ជប៉ុនខឹងសម្បារ ពូទីន ក្រោយលោកទៅទស្សនកិច្ចដែនកោះ Kuril ដែលកំពុងមានជម្លោះជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានរិះគន់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កោះ Kuril ដែលជាដែនកោះកំពុងតែមានជម្លោះជាមួយរុស្ស៊ីក្នុងការទាមទារកាន់កាប់កោះនេះរវាងជប៉ុន-រុស្ស៊ី លោកស្រី Takaichi បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនអាចទទួលយកបានទាំងស្រុង។

លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោកពូទីនបានធ្វើឱ្យអារម្មណ៍របស់ជប៉ុនចំពោះរុស្ស៊ីកាន់តែអាក្រក់ទៅៗ លោកស្រីថាខ្សែសង្វាក់កោះនេះគឺជាទឹកដីតែមួយគត់របស់ជប៉ុនជាប្រវត្តិសាស្ត្រ និងក្រោមច្បាប់អន្តរជាតិ។ លោកស្រីបញ្ជាក់ទៀតថាជំហររបស់ជប៉ុនមិនប្រែប្រួលឡើយចំពោះដែនទឹករបស់ជប៉ុនមួយនេះដែលស្ថិតនៅភាគខាងជើង។ លោកស្រីសង្ឃឹមថាភាគីរុស្ស៊ីនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួនមួយនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi 

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ក៏បានបញ្ជាក់ដែលថាកោះទាំងនេះជាទឹកដីរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រ និងក្រោមច្បាប់អន្តរជាតិ ហើយរដ្ឋាភិបាលជប៉ុនតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។

គួររម្លឹកថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការប៉ុនប៉ងដោះស្រាយជម្លោះទឹកដីមានវឌ្ឍនភាពតិចតួចណាស់រវាងរុស្ស៊ី-ជប៉ុន ហើយទំនាក់ទំនងទ្វេភាគីក៏នៅតែមិនចុះសម្រុងគ្នាដែរ ដោយប្រទេសជប៉ុនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីចំពោះការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ជាដើម។ ប្រទេសទាំងពីរក៏បានបានជាប់គាំងក្នុងជម្លោះលើកោះ Kuril អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយវាជាហេតុផលចម្បងដែលទីក្រុងមូស្គូ និងតូក្យូមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។

កោះ Kuril ស្ថិតនៅចន្លោះកោះ Hokkaido នៅភាគខាងជើងប្រទេសជប៉ុន និងឧបទ្វីប Kamchatka របស់រុស្ស៊ី។ កោះចំនួនបួនក្នុងចំណោមកោះភាគខាងត្បូងបំផុតត្រូវបានទាមទារដោយប្រទេសជប៉ុន ដែលហៅពួកគេថាទឹកដីភាគខាងជើង។

កោះ Kuril គឺជាតំបន់យុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី ដែលបានពង្រឹងវត្តមានយោធារបស់ខ្លួននៅលើកោះនេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ក្នុងនោះក៏មានកោះ Iturup ត្រូវបានប្រើជាមូលដ្ឋានទ័ពអាកាសចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់។ កាលពីខែមុន នាវាចម្បាំងកងទ័ពជើងទឹកចិន និងរុស្ស៊ីបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនៅក្នុងកោះ Kuril ក្នុងអំឡុងពេលល្បាតរួមគ្នា។ ប្រទេសរុស្ស៊ីក៏ធ្វើសមយុទ្ធយោធាជាប្រចាំនៅជិតកោះនេះដែលទទួលបានការថ្កោលទោសពីប្រទេសជប៉ុន៕

Khcct banner

អត្ថបទទាក់ទង