ភ្នំពេញ៖ សិស្សខ្មែរចំនួន៤រូប នឹងទៅរៀនវិទ្យាល័យនៅប្រទេសជប៉ុន រយៈពេល៤ខែ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៦ តាមរយៈ«អាហារូបករណ៍អាស៊ីកាកេហាស៊ី(ផ្លើស)»។ បើតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សិស្សទាំង៤រូប មានសិស្សចំនួន៣រូប មកពីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងម្នាក់ពី សាលាប៊ែលធី។
យោងតាមគេហទំព័រស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ស្ថានទូតបានរៀបចំពិធីជូនដំណើរសិស្សវិទ្យាល័យចំនួន៤រូប ដែលជាប់កម្មវិធីអាហារូបករណ៍ជប៉ុន «អាស៊ីកាកេហាស៊ី (ផ្លើស)» នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូត។ សិស្សទាំង៤រូប នឹងចំណាយពេល ៤ខែ រៀននៅវិទ្យាល័យជប៉ុន ព្រមទាំងស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងភាសាជប៉ុន។
បើតាមប្រភពដដែល កាលពីថ្ងៃទី១៤ មីនា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសលទ្ធផលជាផ្លូវការថា សិស្សទាំង៤រូប ដែលតំណាងកម្ពុជាក្នុងកម្មវិធីនេះ រួមមាន សិស្សចំនួន៣រូប មកពីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងម្នាក់ពី សាលាប៊ែលធី ។
គួរបញ្ជាក់ថា កម្មវិធីមានកំណត់នូវឆន្ទៈក្រោយបញ្ចប់កម្មវិធី ដោយបេក្ខជនត្រូវតែរួមចំណែកជួយដល់សង្គម ឬប្រទេសជាតិរបស់ខ្លួន ផ្អែកតាមផែនការកម្មវិធីក្រោយអាហារូបករណ៍៕