ចិន៖ នាវាពេទ្យ «Auspicious Ark» នៃកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃពុធ បានធ្វើសមយុទ្ធស្វែងរក និងសង្គ្រោះតាមឧទ្ធម្ភាគចក្រនៅតំបន់ឈូងសមុទ្រអាដែន (Gulf of Aden) ក្នុងក្របខ័ណ្ឌ «បេសកកម្មមេត្រីភាព ២០២៦» ដែលជាបេសកកម្មវេជ្ជសាស្ត្រមនុស្សធម៌នៅក្រៅប្រទេសលើកដំបូងរបស់នាវានេះ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ការហ្វឹកហ្វឺននេះផ្តោតលើប្រតិបត្តិការនៅកម្ពស់ទាបក្រោម ១០០ ម៉ែត្រ ដែលជាភារកិច្ចប្រឈមខ្លាំងក្នុងការជម្លៀសអ្នករងរបួសឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។
លោក Guo Shuai សមាជិកនាវិកម្នាក់បានថ្លែងថា៖ «បេសកកម្មរបស់យើងមិនត្រឹមតែទាមទារឱ្យមានការដាក់ពង្រាយកម្លាំង និងកំណត់ទីតាំងគោលដៅឱ្យបានឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការជម្លៀសអ្នករងរបួសឱ្យបានលឿន និងមានសុវត្ថិភាពទៀតផង។ កំឡុងពេលនៅលើនាវា យើងតែងតែរក្សាការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបបានភ្លាមៗ»។
បន្ទាប់ពីសមយុទ្ធ ក្រុមការងារបានប្រញាប់ប្រញាល់លាងសម្អាតជាតិអំបិល ការពារការច្រែះ និងពិនិត្យម៉ាស៊ីនឧទ្ធម្ភាគចក្រភ្លាមៗ ដើម្បីទប់ទល់នឹងកម្ដៅ និងសំណើមនៅកណ្តាលសមុទ្រ សំដៅធានាថាឧទ្ធម្ភាគចក្រស្ថិតក្នុងស្ថានភាពត្រៀមខ្លួនជាស្រេច ២៤ ម៉ោង សម្រាប់បេសកកម្មសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថា «បេសកកម្មមេត្រីភាព» នេះ ជាលើកទី ១២ ហើយចាប់តាំងពីឆ្នាំ ២០១០ មក ដោយគ្រោងនឹងចំណាយពេលជាង ២០០ ថ្ងៃ ដើម្បីចូលចតនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាហ្វ្រិក និងអាស៊ីខាងត្បូង ក្នុងគោលបំណងផ្តល់សេវាវេជ្ជសាស្ត្រដោយឥតគិតថ្លៃជូនប្រជាជនក្នុងស្រុក។ ចាប់តាំងពីចេញដំណើរមកកាលពីថ្ងៃទី ២២ ខែកក្កដា ក្រុមការងារបានធ្វើសមយុទ្ធហ្វឹកហ្វឺនជាច្រើន រួមមាន៖ ការប្រឆាំងភេរវកម្ម ប្រឆាំងចោរសមុទ្រ ការពិនិត្យការហោះហើរឧទ្ធម្ភាគចក្រ ការសង្គ្រោះវេជ្ជសាស្ត្រតាមសមុទ្រ និងការល្បាតប្រមូលព័ត៌មានជាដើម៕