ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គថ្មីដែលនឹងចាប់ផ្តើមចូលរៀននៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធីនេះបើកទូលាយសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងសាធារណជនទូទៅ ដោយមិនតម្រូវឱ្យបង់ថ្លៃសិក្សានោះឡើយ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ វិទ្យាស្ថានបានផ្តល់ជូននូវមុខជំនាញសំខាន់ៗចំនួន ១៦ ផ្សេងៗគ្នា រួមមាន៖ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលទូរស័ព្ទដៃ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, ការកែច្នៃបន្លែ និងផ្លែឈើ, ការធ្វើម្ហូបខ្មែរ, ការផ្សារអគ្គិសនី, ការដំឡើងពុម្ព, ការដំឡើងប្រព័ន្ធអគ្គិសនី ព្រមទាំងការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព។
ដើម្បីសម្រួលដល់ពេលវេលារបស់សិស្សានុសិស្ស វិទ្យាស្ថានបានរៀបចំវេនសិក្សាជាច្រើនជម្រើស រួមមានវេនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (ព្រឹក-រសៀល ម៉ោង ៨:០០-១១:៣៥ និង ១៣:០០-១៦:៥០), វេនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (យប់ ម៉ោង ១៧:៣០-២០:៣០) និងវេនថ្ងៃសៅរ៍-អាទិត្យ (ព្រឹក-រសៀល ម៉ោង ៨:០០-១១:៣៥ និង ១៣:០០-១៦:៥០)។
ក្រោយបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងទទួលបានជំនាញមួយច្បាស់លាស់ដែលទីផ្សារពលកម្មកំពុងត្រូវការ ព្រមទាំងមានឱកាសទទួលបានការងារសមរម្យ និងប្រាក់ចំណូលទៀងទាត់។ ជាពិសេស សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ២៨០,០០០ រៀល ក្នុងមួយខែផងដែរ។
ការទទួលពាក្យស្នើសុំត្រូវបានបើកជូនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បេក្ខជនដែលមានបំណងចុះឈ្មោះអាចចុះឈ្មោះដោយផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬ ចុះឈ្មោះតាមអនឡាញ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 060 / 070 / 077 278 889៕