ភ្នំពេញ៖ យុវជន អ៊ុយ មករា ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិពី សាកលវិទ្យាល័យរដ្ឋទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ (MGIMO University) នៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី។ កំឡុងពេលសិក្សានៅរុស្ស៊ី យុវជនរូបនេះ បានសិក្សាទាក់ទងនឹងច្បាប់អន្តរជាតិ និងចំណេះដឹងជាច្រើន រួមទាំងការចូលរួមកម្មវិធីសិក្សាដែលជាឱកាសបានជួប និងពិភាក្សាជាមួយមេដឹកនាំពីប្រទេសផ្សេងៗ ដែលជាការអនុវត្តពិតៗក្នុងការពង្រឹងសមត្ថភាពការទូត។ មករា យល់ថា ជំនាញការទូត និងមានអ្នកការទូតចំណានច្រើន ពិតជាមានសារៈសំខាន់ខ្លាំងក្នុងពេលបច្ចុប្បន្ន ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិដោះស្រាយជម្លោះដោយសន្តិវិធី ជាជាងជម្លោះដោយហិង្សា។
យុវជន អ៊ុយ មករា បានបញ្ចប់ការសិក្សាដោយជោគជ័យជាស្ថាពរ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ (Bachelor of International Relations) ពី សាកលវិទ្យាល័យរដ្ឋទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ (MGIMO University) នៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី។ វិទ្យាស្ថាននេះ ជាទីកន្លែងបណ្តុះមេដឹកនាំធំៗលើពិភពលោកជាច្រើន រួមទាំងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតក៏ធ្លាប់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះដែរ។
ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជន អ៊ុយ មករា បានសិក្សាជំនាញទំនាក់ទំនងអន្តរជាតិជាភាសារុស្ស៊ីនៅទីនោះ។ កំឡុងពេលសិក្សា មករា បានចូលរួមកម្មវិធីជាច្រើនរួមមាន សន្និសីទ កម្មវិធីរុស្ស៊ី-អាស៊ាន រុស្ស៊ី-អាហ្រ្វិច និងកម្មវិធីផ្សេងៗទៀត។ ការចូលរួមទាំងនេះ បានផ្តល់ឱកាសដល់យុវជនរូបនេះបានជួប និងពិភាក្សា ជាមួយមេដឹកនាំកម្រិតពិភពលោកជាច្រើនរូប ដែលជាឱកាសដុះខាតសមត្ថភាពផ្នែកការទូតកាន់តែប្រសើរ។ សម្រាប់មករា ការដែលមានអ្នកការទូតចំណានច្រើន គឺពិតជាសំខាន់ រាល់ជម្លោះអាចដោះស្រាយបានដោយវិធីការទូត តាមរយៈច្បាប់អន្តរជាតិ ជាជាងជម្លោះហិង្សាដោយប្រើប្រដាប់អាវុធ៕
សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖