Swift cc time

ការសិក្សាថ្មី៖ សត្វឆ្កែអាចដឹងពីអារម្មណ៍របស់មនុស្សតាមរយៈទឹកមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អូទ្រីស៖ អ្នកស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យវីយែន (University of Vienna) បានរកឃើញភស្តុតាងជាលើកដំបូងថា សត្វឆ្កែមានសមត្ថភាពយល់ដឹង និងឆ្លើយតបទៅនឹងអារម្មណ៍វិជ្ជមាន និងអវិជ្ជមាននៅលើផ្ទៃមុខរបស់មនុស្ស។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Machine Learning ដើម្បីវិភាគលទ្ធផលស្កែនខួរក្បាលលើឆ្កែពូជ Border Collie ចំនួន ១២ ក្បាល ខណៈពេលពួកវាកំពុងមើលរូបភាពផ្ទៃមុខមនុស្ស ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា តំបន់ខួរក្បាល Temporal cortex និង Caudate nucleus ដែលទាក់ទងនឹងមុខងារផ្លូវចិត្តកម្រិតខ្ពស់ និងការឆ្លើយតបនឹងរង្វាន់ បានសកម្មឡើងនៅពេលពួកវាមើលរូបភាពមនុស្សចម្លែកដែលមានមុខញញឹមរីករាយ

ប៉ុន្តែនៅពេលបង្ហាញរូបភាពមុខខឹង ភ័យខ្លាច ឬកើតទុក្ខ តំបន់ខួរក្បាលទាំងនោះមិនបានបញ្ចេញប្រតិកម្មដូចគ្នាឡើយ ដោយការស្កែនខួរក្បាលទាំងមូលបានបង្ហាញពីគំរូសកម្មភាពខុសៗគ្នា ដែលអាចបែងចែករវាងអារម្មណ៍ភ័យខ្លាច ខឹង និងកើតទុក្ខដាច់ដោយឡែកពីគ្នា។

ក្រុមស្រាវជ្រាវបានបញ្ជាក់ថា នេះជាភស្តុតាងដំបូងបង្អស់ដែលបង្ហាញថាខួរក្បាលឆ្កែអាចបែងចែកអារម្មណ៍អវិជ្ជមានផ្សេងៗគ្នារបស់មនុស្សបាន ដែលឆ្លុះបញ្ចាំងពីការវិវត្តខ្លួនរបស់ឆ្កែក្នុងការរស់នៅ និងយល់ចិត្តមនុស្ស។ លោកស្រី Laura Cuaya អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានេះបានលើកឡើងថា ការយល់ដឹងពីចំណុចនេះអាចផ្លាស់ប្តូររបៀបដែលយើងប្រាស្រ័យទាក់ទង និងថែទាំពួកវា។

ការសិក្សានេះ ក៏បានបញ្ជាក់ពីកម្រិតកំណត់មួយចំនួនផងដែរ ដោយសារការសិក្សាធ្វើឡើងលើតែឆ្កែចិញ្ចឹមពូជ Border Collie ចំនួន ១២ ក្បាល ហើយរូបភាពដែលប្រើប្រាស់ជារូបភាពស្ងៀម មិនមែនជាផ្ទៃមុខដែលមានចលនានោះទេ។ នៅជំហានបន្ទាប់ ក្រុមស្រាវជ្រាវគ្រោងនឹងសិក្សាពីរបៀបដែលឆ្កែប្រើប្រាស់សញ្ញាផ្សេងទៀត ដូចជាកាយវិការ សំឡេង និងក្លិន ដើម្បីបកស្រាយអារម្មណ៍របស់មនុស្សជុំវិញខ្លួនបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង