Swift cc time

ថៃផ្អាកចេញលិខិតអនុញ្ញាតឱ្យទិញកាំភ្លើង ក្រោយផ្ទុះការបាញ់ប្រហារបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រសួងមហាផ្ទៃថៃ បានដាក់ចេញនូវវិធានការរឹតបន្តឹងការគ្រប់គ្រងអាវុធហត្ថជាបន្ទាន់ ឆ្លើយតបទៅនឹងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នៅសាលារៀន Debsirin Nonthaburi កាលពីថ្ងៃទី៧ ខែសីហា ដែលបានបណ្ដាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស វិធានការថ្មីនេះរួមមាន ការផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាតទិញកាំភ្លើង និងការផ្អាកកម្មវិធីផ្តល់អាវុធប្រើប្រាស់ផ្សេងៗជូនមន្ត្រីរាជការ រហូតដល់មានការជូនដំណឹងថ្មី។ វិធានការនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ។

យោងតាមលិខិតបន្ទាន់របស់អគ្គនាយកដ្ឋានរដ្ឋបាលខេត្តរបស់ថៃចំពោះបុគ្គលដែលបានទិញកាំភ្លើងរួចហើយ ត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណកាន់កាប់អាវុធ ក្នុងរយៈពេល ៣០ថ្ងៃ បើពុំនោះទេនឹងត្រូវចាត់ទុកថាខុសច្បាប់។ អាជ្ញាធរថៃ នឹងចុះត្រួតពិនិត្យហាងលក់កាំភ្លើងទូទាំងប្រទេស ដើម្បីចាត់វិធានការច្បាប់ និងពិនិត្យពន្ធដារ ប្រសិនបើរកឃើញភាពមិនប្រក្រតី។

សម្រាប់វិធានការរយៈពេលវែងក្រសួងមហាផ្ទៃថៃនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់គ្រប់គ្រងការកាន់កាប់ និងប្រើប្រាស់អាវុធ ដោយកំណត់ឱ្យម្ចាស់អាវុធទាំងអស់ត្រូវបន្តអាជ្ញាប័ណ្ណកាន់កាប់រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងបង្កើតប្រព័ន្ធអេឡិចត្រូនិកសម្រាប់គ្រប់គ្រងការទិញ និងកាន់កាប់កាំភ្លើង ដោយភ្ជាប់ទិន្នន័យដោយផ្ទាល់ជាមួយនាយកដ្ឋានគយ និងពន្ធដារ ហើយការទិញដូរគ្រាប់រំសេវនៅតាមហាងលក់អាវុធ និងទីលានបាញ់កាំភ្លើងនានា ក៏នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងពង្រឹងសន្តិសុខសុវត្ថិភាពសង្គម៕

Khcct banner

អត្ថបទទាក់ទង