អាម៉េរិក៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលមានទាហានអាម៉េរិកពីរនាក់កំពុងតែធ្វើដំណើរបានធ្លាក់ចុះក្រោម និងបានផ្ទុះសម្លាប់ទាហានទាំងពីរនាក់នៅលើឧទ្ធម្ភាគចក្រ។ អ្នកនាំពាក្យរបស់អធិការស្រុកលោក Cliff Coleman បញ្ជាក់ថាពួកគេត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីមន្ត្រីបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ 911 នៅម៉ោង ១ រសៀលកាលពីថ្ងៃពុធ ដោយការធ្លាក់នេះស្ថិតក្នុងតំបន់ Salado មានចម្ងាយប្រហែល ៥០ ម៉ាយភាគខាងជើងនៃទីក្រុង Austin។
បើតាមកងកម្លាំងយោធាក្នុងតំបន់ ឧទ្ធម្ភាគចក្រនេះមានឈ្មោះថា AH-64 Apache របស់កងទ័ពអាម៉េរិកមានមូលដ្ឋាននៅ Fort Hood ការធ្លាក់មួយនេះគ្មានរចនាសម្ព័ន្ធណាមួយត្រូវបានខូចខាតទេ ហើយមិនមានអ្នករងរបួសផ្សេងទៀតត្រូវបានរាយការណ៍នោះទេ។ លោក Coleman បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ចូលទៅក្នុងវាលស្រែមួយ ដោយអ្នកទាំងពីរបានស្លាប់នៅនឹងកន្លែង។លោកបន្ថែមទៀតថា ការធ្លាក់យន្តហោះនេះបានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយដែលមិនអាចគ្រប់គ្រងបាន និងបានឆេះផ្ទៃដីដ៏ធំមួយ និងបានជំរុញឱ្យមានការជម្លៀសមនុស្សមួយចំនួននៅក្នុងតំបន់នោះ។
ភ្លាមៗក្រោយពីការធ្លាក់អាជ្ញាធរពាក់ព័ន្ធបានបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃការធ្លាក់មួយនេះ៕