Swift cc time

បច្ចេកវិទ្យា «World Model» របស់ចិន អាចបង្កើតវីដេអូ AI បានភ្លាមៗ គ្រាន់តែបញ្ចូលរូបថត អត្ថបទ និងសំឡេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន ឈ្មោះ AIsphere ក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់លើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា "AI World Model" ជាសកល អាចបង្កើតវីដេអូបានភ្លាមៗក្នុងពេលជាក់ស្តែង (Real-time video generation) ដោយគ្រាន់តែបញ្ចូលរូបថត អត្ថបទ ឬសំឡេង។ បច្ចេកវិទ្យាម៉ូដែលខ្នាតធំហៅថា "R-series" នេះ មិនត្រឹមតែអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំឈុតឆាក និង តួអង្គបានយ៉ាងងាយស្រួលពីរូបថតពិតប្រាកដមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចវិភាគទិន្នន័យចលនាផ្សេងៗ ដើម្បីបង្កើតជាវីដេអូក្លែងធ្វើដូចបរិស្ថានរូបវិទ្យាពិតៗបានយ៉ាងរហ័សទាន់ចិត្ត។

ជាក់ស្តែង គ្រាន់តែបញ្ចូលរូបថតផលិតផល អត្ថបទពិពណ៌នា និង ការកំណត់សំឡេង នោះម៉ូដែល AI នេះនឹងបង្កើតបានជា វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មបែប E-commerce ពេញលេញមួយភ្លាមៗ ដោយមិនបាច់ចំណាយពេលយូរ។ សមត្ថភាពនេះ ជួយកាត់បន្ថយពេលវេលា និង ថ្លៃចំណាយយ៉ាងច្រើន បើធៀបនឹងការថតវីដេអូពាណិជ្ជកម្ម តាមបែបបុរាណ ធ្វើឱ្យផលិតផល AI មួយនេះត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើនពីការធ្វើពាណិជ្ជកម្ម និងវាយលុកចូលទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័ស។

លោក Jin Hanmin អនុប្រធានក្រុមហ៊ុន AIsphere បានឱ្យដឹងថា ចាប់តាំងពីថ្ងៃដំបូងនៃការដាក់ឱ្យប្រើប្រាស់ ផលិតផលនេះ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុង ១៧០ ប្រទេស ហើយបច្ចុប្បន្ន មានអ្នកចុះឈ្មោះប្រើប្រាស់កើនឡើងរហូតដល់ជាង ១៥០ លាននាក់នៅទូទាំងពិភពលោក។ លោកថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ចំណូលសរុបរបស់ក្រុមហ៊ុន បានកើនឡើងរហូតដល់ ១១៩,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនអ្នកប្រើប្រាស់សរុបបានកើនឡើងប្រចាំឆ្នាំរហូតដល់ ៩៧,៧ ភាគរយ៕

Khcct banner

អត្ថបទទាក់ទង