អ៊ឺរ៉ុប៖ ប្រជាជនរាប់លាននាក់នៅចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប បានប្រមូលផ្ដុំគ្នាទស្សនាព្រឹត្តិការណ៍សូរ្យគ្រាសដ៏កម្រមួយ និងមិនធ្លាប់មានអស់រយៈពេលជិត ៣០ ឆ្នាំ។ នៅចក្រភពអង់គ្លេស មហាជនបានទស្សនាសូរ្យគ្រាសផ្នែកខ្លះ ដែលព្រះចន្ទបានបាំងព្រះអាទិត្យរហូតដល់ជាង ៩០% ខណៈដែលតំបន់ខ្លះនៃប្រទេសហ្គ្រីនឡែន(Greenland) អាយសាឡែន(Iceland) និងអេស្ប៉ាញ បានឃើញនូវបាតុភូតសូរ្យគ្រាសពេញលេញ ដែលធ្វើឱ្យផ្ទៃមេឃងងឹតឈឹងមួយរំពេច។
សូរ្យគ្រាសពេញលេញនេះ បានចាប់ផ្តើមចេញពីភាគខាងជើងស៊ីបេរី នៃប្រទេសរុស្ស៊ី រួចផ្លាស់ទីកាត់មហាសមុទ្រអាក់ទិក ឆ្ពោះទៅកាន់ប្រទេសអ៊ីស្លង់ និងបន្តទៅកាន់ភាគខាងត្បូងទ្វីបអឺរ៉ុប។ ទោះមិនអាចទិញវ៉ែនតាសុវត្ថិភាពគ្រប់គ្រាន់សម្រាប់មើលសូរ្យគ្រាសនៅតាមហាងទំនិញ ក៏ពលរដ្ឋបានឆ្នៃប្រដាប់ប្រដាផ្សេងៗដូចជា កញ្រ្ជែង ចានជ័រ និងក្រដាសចោះរន្ធ ដើម្បីទស្សនាបាតុភូតធម្មជាតិនេះដោយសុវត្ថភាព។
សូរ្យគ្រាសកើតឡើងនៅពេលដែលព្រះចន្ទផ្លាស់ទីចន្លោះកណ្តាលរវាងភពផែនដី និងព្រះអាទិត្យ ដោយបាំងពន្លឺព្រះអាទិត្យ និងទម្លាក់ស្រមោលមកលើផែនដី។ ការដែលមនុស្សយើងអាចមើលឃើញព្រះចន្ទ និងព្រះអាទិត្យមានទំហំស្មើគ្នានៅលើមេឃ គឺជាភាពចៃដន្យដ៏អស្ចារ្យនៃចក្រវាឡ ដោយសារតែព្រះអាទិត្យមានចម្ងាយឆ្ងាយពីផែនដីជាងព្រះចន្ទ ៤០០ ដង ប៉ុន្តែវាក៏មានទំហំធំជាងព្រះចន្ទ ៤០០ ដងដូចគ្នា។
អ្នកជំនាញបានឱ្យដឹងថា ពិភពលោកកំពុងឈានចូលដល់ «យុគសម័យមាស» នៃសូរ្យគ្រាសពេញលេញនៅចន្លោះឆ្នាំ ២០២៦ ដល់ ២០២៨ ដែលផ្តល់ឱកាសឱ្យអ្នកស្នេហាវិស័យតារាសាស្ត្រអាចធ្វើដំណើរទៅទស្សនានៅតាមបណ្តាប្រទេសផ្សេងៗ។ គួរបញ្ជាក់ថា សម្រាប់ចក្រភពអង់គ្លេស នឹងមិនមានសូរ្យគ្រាសពេញលេញរហូតដល់ឆ្នាំ ២០៩០ ឡើយ៕