ភ្នំពេញ៖ មន្ត្រីរាជការកម្ពុជាចំនួន ២៤រូប មកពី ១៦ ក្រសួង-ស្ថាប័ន ត្រៀមខ្លួន ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំ២០២៥។
កម្មវិធីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស (JDS) គឺជាកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិតរយៈពេល ២ ឆ្នាំ (និងឱកាសថ្នាក់បណ្ឌិតសម្រាប់អតីតនិស្សិត JDS) ដែលបង្រៀនជាភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។ កម្មវិធីនេះផ្តោតលើមន្ត្រីរាជការវ័យក្មេង និងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈរបស់កម្ពុជា ដែលជាកម្លាំងចលកររំពឹងថានឹងចូលរួមជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
បើតាមក្រសួងអប់រំ ឆ្នាំ២០២៥ នេះ កម្មវិធីអាហារូបករណ៍ JDS បានឈានដល់ជំនាន់ទី២៦ សម្រាប់ថ្នាក់អនុបណ្ឌិត និងជំនាន់ទី៩ សម្រាប់ថ្នាក់បណ្ឌិត ដោយ កម្មវិធីអាហារូបករណ៍ JDS បានចាប់ផ្តើមផ្តល់ជូនកម្ពុជាតាំងពីឆ្នាំ២០០០មក។រហូតមកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជិត ៦០០នាក់ បានសិក្សានៅប្រទេសជប៉ុនក្រោមកម្មវិធី JDS។ និស្សិតបញ្ចប់ការសិក្សាជាច្រើន បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតទាំង ២៤រូប នឹងសិក្សាជំនាញសំខាន់ៗចំនួន ៩ ផ្នែក រួមមាន៖ ការកសាងទំនាក់ទំនងអន្តរជាតិ, ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស, អប់រំ, បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្ម, ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងសង្គម, ការពង្រឹងការទំនាក់ទំនង, ការកែលម្អមុខងាររដ្ឋបាល, កសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការអភិវឌ្ឍន៍វិស័យឯកជន៕