Swift cc time

នាយករដ្ឋមន្ត្រីអង់គ្លេស ដឹកនាំ«កិច្ចប្រជុំបន្ទាន់»ដើម្បីទប់ទល់នឹងព្យុះកម្ដៅខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការឆ្លើយតបអាសន្នរបស់រដ្ឋាភិបាលនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយបញ្ហារលកកម្ដៅខ្លាំង ការឆាបឆេះព្រៃ និងគ្រោះរាំងស្ងួត និងកំពុងប្រឈមមុខនឹងរលកកម្ដៅលើកទី ៥ របស់ខ្លួនក្នុងឆ្នាំនេះ។ ទីភ្នាក់ងារឧតុនិយមអង់គ្លេសបានព្រមានថា សីតុណ្ហភាពអាចនឹងកើនឡើងដល់ប្រមាណ ៣៧°C ចាប់ពីថ្ងៃព្រហស្បតិ៍ នៅទូទាំងតំបន់ភាគខាងត្បូង ភាគខាងកើត និងផ្នែកខ្លះនៃតំបន់ Midlands។

យោងតាមការចុះផ្សាយរបស់កាសែត CNA អាជ្ញាធរពន្លត់អគ្គិភ័យអង់គ្លេស បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យព្រៃចំនួន ៩៦៦ ករណី នៅទូទាំងអង់គ្លេស និងវេលស៍ (Wales) ក្នុងឆ្នាំនេះ ដោយក្នុងនោះមាន ១៨៥ ករណីកើតឡើងក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែសីហាតែប៉ុណ្ណោះ ខណៈវិស័យកសិកម្មក៏បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មផងដែរ។

តាមប្រភពដដែល ភាគច្រើននៃចក្រភពអង់គ្លេសកំពុងជួបប្រទះគ្រោះរាំងស្ងួតភ្លាមៗ (flash drought) បណ្តាលមកពីការរួមផ្សំរវាងកម្រិតទឹកភ្លៀងទាបខ្លាំង និងសីតុណ្ហភាពកើនឡើង ដោយតំបន់អង់គ្លេស និងវេលស៍ បានកត់ត្រាខែកក្កដាដែលស្ងួតបំផុតក្នុងរយៈពេល ១៩០ ឆ្នាំ។

បច្ចុប្បន្ន មនុស្សប្រមាណ ៤៥ លាននាក់កំពុងរស់នៅក្នុងតំបន់រងគ្រោះរាំងស្ងួត ហើយ ២៧ លាននាក់កំពុងប្រឈមមុខនឹងការកម្រិតលើការប្រើប្រាស់ទឹក។ អាជ្ញាធរសុខាភិបាលអង់គ្លេសបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ២,៨៧ នាក់បានបាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងកម្ដៅខ្លាំងក្នុងឆ្នាំនេះ ដោយសារអាកាសធាតុស្ងួតអូសបន្លាយពេលយូរ ដែលអ្នកវិទ្យាសាស្ត្រលើកឡើងថាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកសាធារណៈ និងសត្វព្រៃ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមាន Downing Street បានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសនឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពសហគមន៍ ការពារប្រភពផ្គត់ផ្គង់ទឹក គាំទ្រដល់សហគមន៍កសិករ និងថែរក្សាបរិស្ថាន៕

Khcct banner

អត្ថបទទាក់ទង