Swift cc time

យុវជន លី ពេជ្រវឌ្ឍនា ជាប់អាហារូបករណ៍ជំនាញ«ផលិតប្រព័ន្ធបញ្ជាផ្កាយរណប» នៅជប៉ុន មានឆន្ទៈចង់អភិវឌ្ឍសមត្ថភាពបច្ចេកទេសអវកាសរបស់កម្ពុជានាថ្ងៃអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន លី ពេជ្រវឌ្ឍនា ជាអតីតនិស្សិតមកពីសាលាតិចណូ បានជាប់អាហារូបករណំ៍រដ្ឋាភិបាលជប៉ុន (MEXT) ទៅសិក្សាលើជំនាញវិស្វកម្មប្រព័ន្ធលំហ (Space Systems Engineering) ដែលផ្តោតទៅលើឯកទេសផលិតប្រព័ន្ធបញ្ជារផ្កាយរណប។ ក្រោយបញ្ចប់ការសិក្សា យុវជនរូបនេះ មានឆន្ទៈត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមចំណែកកសាងធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសអវកាសរបស់កម្ពុជានាថ្ងៃអនាគត។

យុវជន លី ពេជ្រវឌ្ឍនា ជាអតីតនិស្សិតមកពីសាលាតិចណូ ជំនាញវិស្វកម្មរ៉ូបូទិចនិងស្វ័យប្រវត្តិកម្ម (Robotics and Automation Engineering)។ យុវជនរូបនេះ មានបទពិសោធន៍លើវិស័យបច្ចេកវិទ្យាលំហនេះរយះពេល ៦ឆ្នាំមកហើយ តាមរយះការចូលរួមអនុវត្តធ្វើគម្រោងដោយផ្ទាល់នៅមន្ទីរពិសោធន៍ឌីណាមិកនិងប្រព័ន្ធបញ្ជារ (DCLab) ក្នុងពេលសិក្សានៅសាលាតិចណូ ហើយសព្វថ្ងៃជាបុគ្កលិកវិស្វកម្មនៅក្រុមហ៊ុនឯកជនមួយកន្លែង ដែលមានតួនាទីក្នុងការផលិតស្រាវជ្រាវរ៉ូបូត និងប្រព័ន្ធឌីជីផលរោងចក្រ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍បានបញ្ជាក់ថា ថ្មីៗនេះយុវជន លី ពេជ្រវឌ្ឍនា បានទទួលអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ទៅសិក្សាលើជំនាញវិស្វកម្មប្រព័ន្ធលំហ (Space Systems Engineering) ដែលផ្តោតទៅលើឯកទេសផលិតប្រព័ន្ធបញ្ជារផ្កាយរណប។ ការសិក្សានេះមានរយៈពេលពីរឆ្នាំគឺចាប់តាំងពីឆ្នាំ២០២៦នេះរហូតដល់ឆ្នាំ២០២៨ នៅប្រទេសជប៉ុន នៅឯវិទ្យាស្ថានបច្ចេកវិទ្យាគ្យូសុ (Kyushu Institute of Technology)។

យុវជនរូបនេះមើលឃើញថា បច្ចុប្បន្ននេះ គេចាប់ផ្តើមប្រើប្រាស់ Miniaturization Technology ឬហៅថា បច្ចេកវិទ្យាបង្រួមទំហំ ក្នុងការផលិតផ្កាយរណបខ្នាតតូច ដែលមានសមត្ថភាពខ្ពស់ អាចធ្វើទៅបានក្នុងរយៈពេលខ្លី និងដោយប្រើថវិកាតិចជាងមុន។ ការផ្លាស់ប្តូរនេះ បណ្តាលឱ្យប្រទេសមួយចំនួននៅតំបន់អាស៊ាន ដូចជាវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី បានចាប់ផ្តើមអភិវឌ្ឍសមត្ថភាពផ្នែកផ្កាយរណបរបស់ខ្លួនរួចមកហើយ។ ដូច្នេះ យុវជន ពេជ្រវឌ្ឍនា យល់ថា វិស័យនេះមិនត្រឹមតែមានសក្តានុពលរីកចម្រើននៅពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់រូបគេបានចូលរួមកសាងសមត្ថភាពបច្ចេកវិទ្យាអវកាសសម្រាប់កម្ពុជាផងដែរ ហើយនេះជាមូលហេតុសំខាន់ដែលលោកសម្រេចចិត្តជ្រើសរើសសិក្សាជំនាញនេះ។

សម្រាប់ប្រទេសកម្ពុជា បច្ចេកវិទ្យាផ្កាយរណបមានសារៈសំខាន់ខ្លាំងដល់ការអភិវឌ្ឍប្រទេស។ ជាដំបូង រូបភាព និងទិន្នន័យពីផ្កាយរណបអាចប្រើសម្រាប់តាមដានដំណាំ វាយតម្លៃសុខភាពដីកសិកម្ម ព្យាករណ៍ទិន្នផល និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា។ ទីពីរ ផ្កាយរណបអាចជួយតាមដានទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការប្រែប្រួលអាកាសធាតុ។ ទីបី អាចប្រើសម្រាប់តាមដានការកាប់បំផ្លាញព្រៃឈើ ការផ្លាស់ប្តូរការប្រើប្រាស់ដី ប្រភពទឹក តំបន់ការពារធម្មជាតិ និងបរិស្ថាននៅជុំវិញទន្លេមេគង្គនិងបឹងទន្លេសាប។ ទីបួន ផ្កាយរណបអាចជួយពង្រីកសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់តំបន់ជនបទ ឬតំបន់ដាច់ស្រយាល ដែលការដំឡើងខ្សែកាបមានការលំបាក។

យុវជនរូបនេះ បានបញ្ជាក់ថា ជំនាញនេះនឹងសិក្សាលើបច្ចេកវិទ្យាលំហអាកាស និងអវកាស ដោយរួមបញ្ចូលវិស័យឯកទេសជាច្រើន ដូចជា ប្រព័ន្ធផ្កាយរណប ប្រព័ន្ធរ៉ុកកែត ប្រព័ន្ធថាមពល និងថាមពលពន្លឺព្រះអាទិត្យក្នុងលំហ ប្រព័ន្ធគ្រប់គ្រង និងផ្ទេរកម្ដៅ មេកានិក និងរចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធអេឡិចត្រូនិកកម្រិតខ្ពស់។ លើសពីនេះ ក៏មានការសិក្សាអំពីការធ្វើតេស្តគុណភាព និងប្រតិបត្តិការរបស់ឧបករណ៍ក្នុងបរិស្ថានលំហអាកាស ដែលមានលក្ខខណ្ឌខុសប្លែកពីបរិស្ថាននៅលើផែនដី។ មុខវិជ្ជាសំខាន់ផ្សេងទៀតរួមមាន ច្បាប់អវកាសអន្តរជាតិ ការគ្រប់គ្រងគម្រោង និងប្រព័ន្ធផលិតកម្មបែបកាត់បន្ថយភាពខ្ជះខ្ជាយ ឬ Lean Manufacturing។

បន្ទាប់ពីបញ្ចប់ការសិក្សា យុវជន លី ពេជ្រវឌ្ឍនា មានគម្រោងត្រឡប់មកប្រទេសកម្ពុជា ដោយចង់ចូលរួមជំរុញការកសាងធនធានមនុស្ស និងសមត្ថភាពបច្ចេកទេសក្នុងស្រុក ដើម្បីឈានទៅរកការអភិវឌ្ឍផ្កាយរណបសង្កេតផែនដីដែលរចនា និងផលិតដោយកម្ពុជា។ សម្រាប់វឌ្ឍនា ការអភិវឌ្ឍផ្កាយរណបដោយកម្ពុជាផ្ទាល់ មិនត្រឹមតែមានតម្លៃផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្ហាញទៅកាន់ឆាកអន្តរជាតិពីសមត្ថភាព ចំណេះដឹង និងសក្តានុពលរបស់ធនធានមនុស្សកម្ពុជាផងដែរ។ វឌ្ឍនា បានផ្តល់ដំបូន្នានដល់យុវជនដទៃដែលចង់ចាប់យកជំនាញនេះ គួរពង្រឹងសមត្ថភាពលើមុខវិជ្ជាមូលដ្ឋានដូចជា គណិតវិទ្យា និងរូបវិទ្យា និងអភិវឌ្ឍជំនាញក្នុងវិស័យសំខាន់ៗទាំងបីរបស់មេកាត្រូនិក គឺ មេកានិក អេឡិចត្រូនិក និងវិទ្យាសាស្ត្រកុំព្យូទ័រ៕

Khcct banner

អត្ថបទទាក់ទង