តាមរយៈគម្រោងស្រាវជ្រាវក្រោមប្រធានបទ «ការជះឥទ្ធិពលនៃប្រព័ន្ធដាក់ពិន្ទុលើទស្សនផ្ទាល់ខ្លួន របស់យុវជន - The Impact of Grading Systems on Adolescent Self-Concept» ប្អូនៗសិស្សានុសិស្ស ចំនួន ៤ រូប នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានជ័យលាភីលេខ១ពីការប្រកួតប្រជែងកិច្ចការ ស្រាវជ្រាវក្នុងកម្មវិធី Global Link Singapore ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ Nanyang Technological University (NTU)។
សិស្សជ័យលាភីទាំង៤រូបនោះរួមមានយុវតី អេង សិរីវត្ថិ យុវតី រាជ ដាលីស យុវតី ភ័ក្រ្ត ដាលីស និងយុវតី ជា សិតការណ៍ ដែលពួកគេជាសិស្សកម្រិតមធ្យមសិក្សានៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ។
លោកស្រី Joyce Ira Yarza ដែលជានាយិកាកម្រិតអនុវិទ្យាល័យ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ ហើយជាគ្រូបង្គោលដែលបានអមដំណើរសិស្សទៅចូលរួមក្នុងការប្រកួត បានបង្ហាញពីក្ដីរំភើបរីករាយ ដែលសិស្សានុសិស្សរបស់សាលាអាចចូលរួមប្រកួតក្នុងកម្រិតអន្តរជាតិនេះបាន ហើយថែមទាំងដណ្ដើមបានជោគជ័យទៀត។
លោកស្រីនាយិកាបានឲ្យដឹងទៀតថា គោលបំណងនៃការលើកទឹកចិត្តឱ្យសិស្សចូលរួមក្នុងការប្រកួតប្រជែងនេះ គឺដើម្បីធ្វើឱ្យសិស្សអាចសិក្សានូវចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀត និងឱ្យពួកគេបាន មើលឃើញនូវសក្ដានុពលរបស់ខ្លួន ក្នុងនាមជាផ្នែកមួយនៃដំណោះស្រាយបញ្ហាជាសកល ហើយលើសអំពីកិច្ចការស្រាវជ្រាវ និងការធ្វើបទបង្ហាញ លោកស្រីនាយិកាបានបញ្ជាក់ថា ប្អូនៗសិស្សានុសិស្សរបស់យើងក៏បានចងមិត្តភាពជាមួយនឹងបណ្ដាយុវជនមកពីប្រទេសផ្សេងៗទៀត ដែលពួកគេបានសហការ និងរៀនសូត្រពីគ្នាបានយ៉ាងល្អប្រសើរ។
ពិតមែនហើយ សិស្សដែលបានចូលរួមប្រកួតប្រជែងគឺមកពីបណ្ដាប្រទេសជាច្រើនដូចជា កម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ជប៉ុន និងចក្រភពអង់គ្លេសជាដើម។
ភាពជោគជ័យជាបន្តបន្ទាប់ដែល ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានរហូតមកដល់ពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងជាពិសេសអ្វីដែលមិនអាចខ្វះបាននោះគឺការគាំទ្រ គ្រប់បែបយ៉ាងរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និង សម្ភារៈដល់ការសិក្សារបស់បុត្រធីតា។ ស៊ី អាយ អេ ហ្វឺសត៍ ដើរបាន២២ឆ្នាំហើយដោយមោទនភាពនិងបន្តដំណើរទៅមុខ២២ឆ្នាំទៀតដោយភាពជឿជាក់។ សូមអរគុណចំពោះជម្រើសដ៏ល្អរបស់លោកអ្នក!