ភ្នំពេញ៖ ប្រតិភូតំណាងប្រទេសកម្ពុជា ចំនួន ៦រូប រួមមាន គ្រូដឹកនាំ ១រូប និងយុវជន ៥រូប ចូលរួមក្នុងកម្មវិធី I-ASEAN Global Youth Camp 2026 (IAGYC 2026) ក្រោមប្រធាន«អនាគតប្រកបដោយចីរភាពនៃសន្តិភាព និងការរួមរស់ជាមួយគ្នា» ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ។ តាមរយៈកម្មវិធីនេះ ប្រតិភូយុវជនទាំង ៦រូប នឹងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ គំនិត និងទស្សនៈ ជាមួយយុវជនមកពីប្រទេសសមាជិកអាស៊ានទាំង ១១។
យោងតាមអគ្គនាយកដ្ឋានយុវជន ប្រតិភូតំណាងប្រទេសកម្ពុជា ចំនួន ៦រូប រួមមាន គ្រូដឹកនាំ ១រូប គឺកញ្ញា គិត ប៉ាទ្រីសហ្សា ដែលមកពី មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងយុវជន ៥រូប គឺកញ្ញា សពិសិដ្ឋ សុយាត្រា មកពីសាលាអន្តរជាតិ វេសឡាញន៍ កញ្ញា កុសល ជូលី មកពីសាលារៀន អន្តរទ្វីប អាម៉េរិកាំង លោក ទូច បញ្ញាវុឌ្ឍ មកពីសាលាប៊ែលធី អន្តរជាតិ លោក ម៉ៅមុនីឧត្តម មកពីវិទ្យាល័យឥទ្ទ្រទេវី និង លោក សំ វីរៈយុទ្ធ មកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។
បើតាមអគ្គនាយកដ្ឋានយុវជន តាមរយៈការចូលរួមក្នុងកម្មវិធីនេះ យុវជននឹងមានឱកាសពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនង និងធ្វើការជាក្រុមជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងចែករំលែកបទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងសង្គម និងសហគមន៍។ ជាពិសេស ប្រធានបទ «អនាគតប្រកបដោយចីរភាពនៃសន្តិភាព និងការរួមរស់ជាមួយគ្នា» បានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការកសាងសង្គមដែលផ្អែកលើការយោគយល់គ្នា ការគោរពភាពខុសគ្នា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដោយសន្តិវិធី។
ការចូលរួមរបស់ ប្រតិភូយុវជនកម្ពុជា ក្នុង IAGYC 2026 គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនកម្ពុជាក្នុងការបង្ហាញពីសមត្ថភាព ទស្សនៈ និងសក្តានុពលរបស់ខ្លួននៅលើឆាកអន្តរជាតិ ព្រមទាំងចែករំលែកបទពិសោធន៍ និងអត្តសញ្ញាណវប្បធម៌កម្ពុជា ជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ។ ជាមួយគ្នានេះ ការចូលរួមក៏នឹងរួមចំណែកពង្រឹង បណ្តាញទំនាក់ទំនងយុវជនកម្ពុជា–អាស៊ាន–អាស៊ី និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យអប់រំ យុវជន វប្បធម៌ បច្ចេកវិទ្យា បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
គួរបញ្ជាក់ថា កម្មវិធី IAGYC 2026 ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាអន្តរជាតិមួយ សម្រាប់យុវជនមកពីទីក្រុងអ៊ីនឈុន និងយុវជនមកពីប្រទេសសមាជិកអាស៊ានទាំង ១១ ដើម្បីជួបជុំ ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ គំនិត និងទស្សនៈ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងភាពចម្រុះរបស់យុវជននៅក្នុងតំបន់អាស៊ី៕