ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរួម «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន»។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទរួម៖ «ការអនុវត្តសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា និងចិនបានបង្ហាញសមត្ថភាព បង្កើនការយល់ដឹងពីទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន។
ការប្រកួតប្រជែងនេះតម្រូវឱ្យបេក្ខជនចុះឈ្មោះជាក្រុម (សមាជិក ៣ នាក់ក្នុងមួយក្រុម) ដោយមានលក្ខខណ្ឌអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និងមានកម្រិតសមត្ថភាពភាសាចិនយ៉ាងតិចត្រឹម HSK 4។ បេក្ខជនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍជំនាញស្រាវជ្រាវ ការសរសេរបែបវិភាគ ការធ្វើបទបង្ហាញជាសាធារណៈ ព្រមទាំងឱកាសបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវរបស់ខ្លួននៅក្នុង «ទស្សនាវដ្ដីពិភពលោកសហសម័យកម្ពុជា (CWMC)»។
ចំពោះរង្វាន់លើកទឹកចិត្តសម្រាប់កម្មវិធីប្រកួតប្រជែងនេះ រួមមាន៖ ជ័យលាភីលេខ ១ នឹងទទួលបានមេដាយមាស ថវិកា ១,៥០០ ដុល្លារ និងលិខិតសរសើរ។ ជ័យលាភីលេខ ២ នឹងទទួលបានមេដាយប្រាក់ ថវិកា ១,០០០ ដុល្លារ និងលិខិតសរសើរ។ រីឯជ័យលាភីលេខ ៣ នឹងទទួលបានមេដាយសំរឹទ្ធ ថវិកា ៥០០ ដុល្លារ និងលិខិតសរសើរ។ បន្ថែមពីនេះ គ្រប់បេក្ខជនទាំងអស់ដែលបានឆ្លងផុតទៅដល់វគ្គជម្រុះ ក៏នឹងទទួលបានលិខិតសរសើរផងដែរ។
សម្រាប់កាលវិភាគសំខាន់ៗនៃកម្មវិធី៖ ការទទួលពាក្យនឹងត្រូវបិទនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ហើយការប្រកាសលទ្ធផលវគ្គដាក់ពាក្យនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់មក កម្មវិធីតម្រង់ទិសនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៦ រួចបន្តទៅវគ្គជម្រុះដែលមាន ១០ ក្រុម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ និងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដែលមាន ៥ ក្រុមចុងក្រោយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យស្នើសុំ (ភ្ជាប់ Link វីដេអូណែនាំខ្លួនជាភាសាចិនរយៈពេល ១ នាទី) លិខិតចំណាប់អារម្មណ៍ (៣០០ ពាក្យ) និងអត្ថបទឆ្លើយសំណួរ (៥០០ ពាក្យ) ។ ឯកសារទាំង ៣នេះ បេក្ខជនត្រូវចងក្រងជា PDF តែមួយ ដោយដាក់ឈ្មោះ Youth Competition-[ឈ្មោះក្រុមជាភាសាចិន]-APP រួចផ្ញើទៅកាន់អ៊ីមែល [email protected] ដោយដាក់ Subject ថា ”Application for Youth Renaissance Competition 2026” ។ ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់៖ Link។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ (+៨៥៥) ១៧ ៣៩២ ៣៣៣ / Telegram: 011 884 563 ឬចូលទៅកាន់គេហទំព័រផ្លូវការ www.youthhouse-ccf.org។
គួរបញ្ជាក់ថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ (កម្ពុជា-ចិន)។ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ជាវេទិកាមួយដើម្បីផ្លាស់ប្តូរបទពិសោធន៍និងទស្សនៈគ្នាទៅវិញទៅមកតាមរយៈការបណ្តុះបណ្តាលជាពិសេសសម្រាប់យុវជន និងសហគ្រិន តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងកម្មវិធីអភិវឌ្ឍន៍នានាសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌សង្គម នយោបាយ និងបច្ចេកវិទ្យា៕