ស្វាយរៀង៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបានចាប់បេក្ខជនចំនួន៣រូប ដែលនាំចូលទៅក្នុងបន្ទប់ប្រឡងនូវនាឡិកាវៃឆ្លាត។ បេក្ខជនទាំង៣ ត្រូវបានក្រសួងអប់រំចាត់វិធានការណ៍ជាធរមាន។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងហ៊ុនសែនចេក ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជនចំនួន៣រូប នាំចូលទៅក្នុងបន្ទប់ប្រឡងនូវនាឡិកាវៃឆ្លាត។
បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (នាឡិកាវៃឆ្លាត) ដែលបេក្ខជនទាំង៣រូបបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន។
ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។