ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងបើកជ្រើសរើសយុវជនឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់យុវជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”។ ស្នាដៃជ័យលាភីនឹងត្រូវផ្ដល់ពានរង្វាន់បោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ផ្សេងៗ។
បើតាមក្រសួងប្រៃសណីយ៍ ជ័យលាភីនៃកម្មវិធិនេះ នឹងទទួលបានពានរង្វាន់ វិញ្ញាបនបត្រ ឱកាសក្នុងការបោះពុម្ពស្នាដៃជាតែមប្រិ៍ប្រៃសណីយ៍ នៅប្រៃសណីយ៍កម្ពុជា និងថវិកាសម្រាប់ពានរង្វាន់ ៣ប្រភេទ ដូចជា៖ ពានរង្វាន់សាមគ្គីភាពជាតិ ថវិកាចំនួន ២.០០០.០០០ រៀល ពានរង្វាន់ទេពកោសល្យសិល្បៈ ថវិកា ចំនួន ២.០០០.០០០ រៀល និងពានរង្វាន់ច្នៃប្រឌិត ថវិកាចំនួន ២.០០០.០០០ រៀល។
បេក្ខជនដែលចូលរួម ត្រូវតែមានសញ្ជាតិខ្មែរ ហើយបេក្ខជនម្នាក់អាចដាក់ស្នាដៃចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ។ បន្ថែមពីនេះ ស្នាដៃគំនូរត្រូវតែជាស្នាដៃដើម មិនធ្លាប់បោះពុម្ពផ្សាយ ឬចូលរួមប្រកួតពីមុន។ ស្នាដៃគំនូរអាចគូរដោយដៃ (ពណ៌ទឹក ពណ៌ប្រេង ខ្មៅដៃ) ឬរចនាតាមប្រព័ន្ធកុំព្យូទ័រ។ ស្នាដៃគំនូរ ត្រូវគូរ ឬព្រីនលើក្រដាសទំហំ A4 (២១០ ម.ម. x ២៩៧ ម.ម.)។ សម្រាប់គំនូរដែលរចនាតាមកុំព្យូទ័រ សូមរៀបចំក្នុងទម្រង់ PSD PDF JPEG ឬPNG និងសេចក្តីពន្យល់អំពីអត្ថន័យនៃស្នាដៃគំនូរ។ គណៈកម្មការជំនាញ នឹងធ្វើការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងនោះរួមបញ្ជូលអត្ថន័យឆ្លើយតបនឹងប្រធានបទ ភាពច្នៃប្រឌិត សោភណភាព និងភាពប៉ិនប្រសប់។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះចូលរួមប្រកួតប្រជែង និងឯកសារពាក់ព័ន្ធ តាមរយៈ https://go.gov.kh/mptc/stamp2026 យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕