Swift cc time

ប៉ូលីសឥណ្ឌូនេស៊ី ចាប់បាន«គ្រឿងញៀន»ប្រភេទកេតាមីន ១.៣ តោន សង្ស័យដឹកចេញពីថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូនេស៊ី៖ អាជ្ញាធរប្រឆាំងគ្រឿងញៀនឥណ្ឌូនេស៊ី បានស្ទាក់ចាប់កប៉ាល់បរទេសមួយគ្រឿង សង្ស័យដឹកថ្នាំញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ១.៣ តោន ដែលមានតម្លៃប្រមាណ ២.០៧ ត្រីលានរូប៊ី (ប្រហែល ១៤៩ លានដុល្លារសិង្ហបុរី) ចេញពីប្រទេសថៃ និងបានរឹបអូសទុកនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមួយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Batam ប្រធានភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានស្ទាក់ចាប់កប៉ាល់ឈ្មោះ MV King Sun កាលពីថ្ងៃទី ៦ ខែសីហា បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់តាំងពីខែកុម្ភៈថា កប៉ាល់នេះដឹកទំនិញសង្ស័យចេញពីប្រទេសថៃ សំដៅមកកាន់ឥណ្ឌូនេស៊ី។ ក្រោយការឆែកឆេរនៅថ្ងៃទី ៧ ខែសីហា ក្រុមការងាររួមបានរកឃើញថ្នាំញៀនកេតាមីនចំនួន ៦៥ បាវ លាក់ទុកនៅក្នុងកប៉ាល់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី បានរាយការណ៍ថា កប៉ាល់ដែលបង្ហោះទង់ជាតិប្រទេសតង់ហ្សានី (Tanzania) មួយគ្រឿងនេះ ត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកនៃខេត្ត Riau Islands ក្បែរប្រទេសសិង្ហបុរី។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនសមាជិកនាវិកចំនួន ៨ នាក់ (ជនជាតិភូមា ៧ នាក់ និងជនជាតិកោះតៃវ៉ាន់ ១ នាក់) ហើយកំពុងបន្តការស៊ើបអង្កេតដើម្បីស្វែងរកប្រភពដើម កំពង់ផែគោលដៅ ព្រមទាំងអ្នកផ្ញើ និងអ្នកទទួលផល។

គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធផ្កាកញ្ឆាទម្ងន់ ៣.៣៧ តោនចេញពីប្រទេសថៃ និងបានចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់។ កាលពីឆ្នាំ ២០២១ ប៉ូលិសឥណ្ឌូនេស៊ីធ្លាប់បានបង្ក្រាបបណ្តាញរត់ពន្ធថ្នាំញៀនម៉ាទឹកកក (Methamphetamine) ទម្ងន់ ២.៥ តោន នាំចូលពីប្រទេសអាហ្វហ្គានីស្ថាន ដោយចាប់ខ្លួនជនសង្ស័យចំនួន ១៧ នាក់៕

Khcct banner

អត្ថបទទាក់ទង