Swift cc time

រុស្ស៊ីដោះលែងទាហានជើងទឹកអាម៉េរិកម្នាក់ ក្រោយជាប់ឃុំនៅរុស្ស៊ីអស់ ៤ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 លោក រ៉ូប៊ឺត ជីលមែន (Robert Gilman)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា កិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននាំឱ្យមានការដោះលែងអតីតទាហានម៉ារីនអាម៉េរិក លោក រ៉ូប៊ឺត ជីលមែន (Robert Gilman) ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាងបួនឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារមន្ត្រីប៉ូលីសម្នាក់ក្នុងប្រទេសរុស្ស៊ី។ លោក ត្រាំ បានរៀបរាប់តាមបណ្តាញសង្គម Truth Social របស់លោកថា បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រុស្ស៊ីបានយល់ព្រមដោះលែងគាត់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ លោកថា ប្រទេសរុស្ស៊ីមិនបានស្នើសុំដោះដូរណាមួយជាមួយអាម៉េរិកឡើយ។

យោងតាមការបង្ហោះនៅបណ្តាញសង្គម Trust Social រួមបញ្ចូលនៅក្នុងការបង្ហោះនោះ គឺជារូបថតរបស់លោក ជីលមែន ដែលមើលទៅស្គមស្គាំង ពាក់មួកបេស្បល នៅលើយន្តហោះ ដែលកាន់ទង់ជាតិអាម៉េរិក ជាមួយនឹងមន្រ្តីអាម៉េរិកផ្សេងទៀត។ លោក ត្រាំ បញ្ជាក់ថាលោកពេញចិត្តចំពោះការសម្រេចចិត្តដោះលែងលោករ៉ូប៊ឺត ជីលមែន ត្រឡប់ទៅស្រុកកំណើតវិញ ។

 លោក រ៉ូប៊ឺត ជីលមែន (Robert Gilman) ឆ្វេង

គួរកត់សម្គាល់ថាលោក ជីលមែន ត្រូវបានតុលាការមួយនៅភាគនិរតីនៃប្រទេសរុស្ស៊ីកាត់ទោសឱ្យជាប់ពន្ធនាគារបួនឆ្នាំកន្លះ ពីបទវាយប្រហារមន្ត្រីប៉ូលីសម្នាក់។ ក្រោយមក ការកាត់ទោសរបស់លោកត្រូវបានពន្យារដល់ ១០ ឆ្នាំ ពីបទហិង្សាប្រឆាំងនឹងបុគ្គលិកពន្ធនាគាររុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ ក៏បានថ្លែងអំណរគុណរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រទេសរុស្ស៊ី ដែលបានធ្វើការជាមួយបេសកជនពិសេស ស្ទីវ វីតខូហ្វ ដើម្បីដោះលែងលោក ជីលមែន និងអនុញ្ញាតឱ្យគាត់ទទួលបានការព្យាបាលក្នុងសហរដ្ឋអាម៉េរិកវិញ៕


Khcct banner

អត្ថបទទាក់ទង