ថៃ៖ មន្ត្រីថៃមួយរូបមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន The Star ថា ប្រទេសថៃបានរៀបចំផែនការព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា ការដំឡើងពន្ធគយរបស់អាម៉េរិក អាចបង្ខំឱ្យថៃកាត់បន្ថយកិច្ចសហប្រតិបត្តិការយោធាជាមួយក្រុងវ៉ាស៊ីនតោន រួមទាំងការធ្វើសមយុទ្ធយោធារួមគ្នា Cobra Gold ដែលជាគ្រឹះនៃសម្ព័ន្ធភាពសន្តិសុខដ៏ចាស់វស្សារបស់អាម៉េរិកនៅអាស៊ី។
រដ្ឋាភិបាលថៃមានបំណងដាក់លក្ខខណ្ឌនេះទៅក្នុងកិច្ចចរចាពាណិជ្ជកម្មឡើងវិញនៅចុងខែនេះ ដោយថៃអាចនឹងកាត់បន្ថយសកម្មភាពយោធារួមគ្នា ប្រសិនបើការដំឡើងពន្ធរបស់អាម៉េរិកធ្វើឱ្យសេដ្ឋកិច្ចខ្លួនខាតបង់ធ្ងន់ធ្ងរ។ កាលពីឆ្នាំមុន ថៃទទួលបានអតិរេកពាណិជ្ជកម្ម (ចំណេញពីការលក់ទំនិញ) ទៅអាម៉េរិកប្រមាណ ៥១.៤ ប៊ីលានដុល្លារ។ ប៉ុន្តែបច្ចុប្បន្ន ថៃកំពុងប្រឹងប្រែងសុំឱ្យអាម៉េរិកបន្ថយពន្ធវិញ បន្ទាប់ពីអាម៉េរិកបានដំឡើងពន្ធ ១២.៥% លើទំនិញនាំចេញភាគច្រើនរបស់ថៃក្រោមមាត្រា 301។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានថ្លែងថា លោកមិនទាន់អាចបញ្ជាក់ ឬផ្ទៀងផ្ទាត់ព័ត៌មាននៃសំណើនេះបាននៅឡើយទេ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានអះអាងថា ថៃស័ក្តិសមទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេស ដោយសារតែថៃជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរបស់អាម៉េរិក។ មន្ត្រីរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងយកកិច្ចព្រមព្រៀងសន្តិសុខ និងយោធា មកធ្វើជាឧបករណ៍តវ៉ាក្នុងការចរចាពាណិជ្ជកម្ម ដើម្បីស្នើសុំរក្សាអត្រាពន្ធឱ្យនៅត្រឹម ១៩% ឬទាបជាងនេះ។
គួរបញ្ជាក់ថា សម្ព័ន្ធភាពថៃ-អាម៉េរិក គឺជាសម្ព័ន្ធភាពចាស់វស្សាបំផុតមួយនៅអាស៊ី ហើយបានផ្តល់ទីតាំងយុទ្ធសាស្ត្រដល់យោធាអាម៉េរិកក្នុងតំបន់ដែលចិនកំពុងពង្រីកឥទ្ធិពល។ ថៃ និងអាម៉េរិក ធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងលំហាត់សមយុទ្ធ Cobra Gold ដែលជាសមយុទ្ធពហុជាតិប្រចាំឆ្នាំធំបំផុតនៅក្នុងតំបន់អាស៊ីដីគោក ដោយកាលពីឆ្នាំមុនមានកងកម្លាំងប្រមាណ ៨,០០០ នាក់មកពី ៣០ ប្រទេសចូលរួម។ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ភាពតានតឹងផ្នែកនយោបាយ ដោយអាម៉េរិកធ្លាប់បានកាត់បន្ថយសមយុទ្ធ Cobra Gold និងផ្អាកការចូលរួមផ្នែកយោធាជាច្រើន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅប្រទេសថៃ មុនពេលកសាងទំនាក់ទំនងការពារជាតិឡើងវិញជាបន្តបន្ទាប់៕