ស៊ីរី៖ តុលាការស៊ីរីបានសម្រេចកាត់ទោសប្រហារជីវិតលោក បាសា អាល់-អាសាដ និងប្អូនប្រុសរបស់លោកមានឈ្មោះ Maher កាត់ទោសទាំងពីរនាក់កំបាំងមុខ រួមជាមួយបងប្អូនជីដូនមួយរបស់ពួកគេម្នាក់ទៀតគឺ Atef Najib ដែលបានចូលរួមស្តាប់នៅក្នុងសវនាការក្នុងទ្រុងកាលពីថ្ងៃទី ១១ ខែ សីហា តុលាការបានចោទប្រកាសអ្នកទាំងបីពីបទដឹកនាំការបង្ក្រាបបាតុករក្នុងខេត្ត Daraa ឆ្នាំ ២០១១ ដែលបានបង្កឱ្យមានសង្គ្រាមស៊ីវិល និងមនុស្សស្លូតត្រង់រាប់រយនាក់ត្រូវបានសម្លាប់ក្នុងការបង្រ្កាប។
យោងតាមទីភ្នាក់ងារ BBC តុលាការស៊ីរីមួយបានកាត់ទោសប្រហារជីវិតមេដឹកនាំផ្តាច់ការដែលត្រូវបានបណ្តេញចេញពីប្រទេសគឺ លោក បាសា អាល់-អាសាដ ដោយកំបាំងមុខពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមក្នុងអំឡុងពេលសង្គ្រាម ១៤ឆ្នាំរបស់ប្រទេសស៊ីរីដែលបានបណ្តាលឱ្យមនុស្សប្រហែលកន្លះលាននាក់ស្លាប់ និងរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងស្វែងរកការជ្រកកោននៅបរទេស។ តុលាការព្រហ្មទណ្ឌទីបួននៅទីក្រុងដាម៉ាសកាលពីថ្ងៃអង្គារបានរកឃើញថាលោក អាសាដ មានទោសពីបទបញ្ជាឱ្យសម្លាប់ជនស៊ីវិលរួមទាំងកុមារ ក៏ដូចជាការធ្វើទារុណកម្ម និងការឃុំខ្លួនខុសច្បាប់។
ចៅក្រមបាននិយាយថា សាក្សីបានបញ្ជាក់ថាលោក អាសាដ គឺជាអ្នកបញ្ជាចុងក្រោយនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះ ហើយរូបគេបានប្រើប្រាស់ឧបករណ៍របស់រដ្ឋស៊ីរីដើម្បីអនុវត្តការបង្រ្កាបដ៏សាហាវមួយនេះ ក្នុងនោះប្អូនប្រុសរបស់លោក អាសាដ គឺលោក Maher និង បងប្អូនជីដូនមួយខាងម្តាយគឺ លោក Atef Najib ក៏ត្រូវបានកាត់ទោសប្រហារជីវិតជាមួយគ្នាដែរ។ លោក Najib បានឈរនៅក្នុងទ្រុងមួយដោយស្លៀកពាក់ឯកសណ្ឋានអ្នកទោស ខណៈពេលដែលចៅក្រមអានការកាត់ទោស។លោកត្រូវបានកាត់ទោសពីបទឧក្រិដ្ឋរួមទាំងឃាតកម្ម ការសម្លាប់កុមារអាយុក្រោម ១៥ ឆ្នាំដោយចេតនានិង ការធ្វើទារុណកម្មដែលនាំទៅដល់ការស្លាប់ជនរងគ្រោះជាច្រើននាក់។
យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក អំពើឃោរឃៅដែលបានកត់ត្រាទុករបស់របបអាល់អាសាដក្នុងរយៈពេល ១៤ ឆ្នាំកន្លងមករួមមានការប្រើប្រាស់អាវុធគីមី ជាពិសេសការវាយប្រហារដោយឧស្ម័នសារីនលើតំបន់ជាយក្រុងហ្គូតានៃទីក្រុងដាម៉ាសក្នុងខែសីហា ឆ្នាំ ២០១៣ដែលបានសម្លាប់មនុស្សប្រហែល ១,៤០០នាក់ របបនេះក៏បានទម្លាក់គ្រាប់បែកធុងជាង ៨០,០០០ គ្រាប់លើតំបន់ស៊ីវិលផងដែរ ក្នុងនោះក៏មានរូបថតសេសារ ភស្តុតាងមានរូបភាពចំនួន ៥៥,០០០ សន្លឹករបស់អ្នកជាប់ឃុំប្រហែល ១១,០០០ នាក់ដែលបានស្លាប់ដោយសារការធ្វើទារុណកម្ម ការអត់ឃ្លាន និងការប្រហារជីវិតនៅក្នុងកន្លែងរដ្ឋាភិបាលស៊ីរីជាដើម។
គួររម្លឹកថាបច្ចុប្បន្ននេះលោក បាសា អាល់-អាសាដ និងប្អូនប្រុសបង្កើតរបស់លោកកំពុងតែលាក់ខ្លួននៅក្នុងប្រទេសរុស្ស៊ី តុលាការជឿជាក់ថារុស្ស៊ីនឹងមិនប្រគល់អ្នកទាំងពីរមកកាន់ប្រទេសស៊ីរីវិញឡើយដោយពេលនេះមានតែប្អូនជីដូនមួយរបស់ អាល់-អាសាដ តែប៉ុណ្ណឹងនិងត្រូវប្រហារជីវិតមុនគេ។ មេដឹកនាំស៊ីរីលោក Bashar al-Assad នឹងក្រុមគ្រួសារដែលត្រូវបានប្រជាពលរដ្ឋធ្វើការបាតុកម្មប្រឆាំងផ្តួលរលំរបបផ្តាច់ការរបស់លោកដែលដឹកនាំតាំងពីឆ្នាំ១៩៧១មក នៅកាលពីថ្ងៃ ច័ន្ទ ទី ៩ ធ្នូ ឆ្នាំ ២០២៤ បានទៅដល់ក្រុងមូស្គូជ្រកកោននៅទីនោះជាបណ្តោះអាសន្ន ក្រោយពីរូបលោកត្រូវបានភៀសខ្លួនទៅតាមយន្តហោះបន្ទាប់ពីប្រទេសលោកធ្លាក់ក្នុងចលាចលមិនធ្លាប់មានរហូតដល់ផ្តួលរលំរបបគ្រួសារលោក Bashar al-Assad។ របបរបស់លោក បាសា អាល់-អាសាដ បានដួលរលំនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សរយៈពេល ១០ ត្រឹមថ្ងៃរបស់ពួកឧទ្ទាមដឹកនាំដោយលោក ហាយ៉ាត តារៀរ អាល់-សាម ដែលបានធ្វើឱ្យរដ្ឋាភិបាលស៊ីរីទប់ស្កាត់មិនទាន់ និងបញ្ចប់ការគ្រប់គ្រងពីរបបនេះអស់រយៈពេលជាង ៥០ ឆ្នាំ៕