វៀតណាម៖ ក្រុមហ៊ុនសាងសង់នាវា Song Thu រួមជាមួយក្រសួងការពារជាតិវៀតណាម កាលពីថ្ងៃទី១០ ខែសីហា បានរៀបចំពិធីបើកការដ្ឋានសាងសង់ «នាវាចម្បាំងដេញប្រឆាំងនាវាមុជទឹក» ដ៏ធំ និងទំនើបបំផុត សម្រាប់កងទ័ពជើងទឹករបស់ខ្លួន នៅទីក្រុងដាណាង ។នាវាចម្បាំងជំនាន់ថ្មីនេះ គឺជាសមិទ្ធផលដំបូងបង្អស់ដែលត្រូវបានស្រាវជ្រាវ រចនា ដំឡើង និងបំពាក់ប្រព័ន្ធអាវុធដោយស្នាដៃក្រុមវិស្វករ និងអ្នកវិទ្យាសាស្ត្រជាតិវៀតណាមផ្ទាល់ទាំងស្រុង ដោយមិនបានពឹងផ្អែកលើការទិញពីបរទេសឡើយ។
លោក Pham Hoai Nam រដ្ឋលេខាធិការក្រសួងការពារជាតិវៀតណាម បានគូសបញ្ជាក់ថា នាវានេះបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ រួមមានប្រព័ន្ធរ៉ាដា Phased-array, មីស៊ីលការពារអាកាស និងមីស៊ីលប្រឆាំងនាវាចម្បាំងដែលផលិតដោយសម័្ពន្ធក្រុមហ៊ុន Viettel និងរោងចក្រនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ។លោកថាគម្រោងនេះមានកម្រិតនៃការផលិត និងផ្គុំគ្រឿងបន្លាស់/អាវុធក្នុងស្រុក (Localization rate) ខ្ពស់បំផុតមិនធ្លាប់មាន ដែលស្តែងឱ្យឃើញពីសមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យាស្នូលនៃឧស្សាហកម្មកប៉ាល់ចម្បាំងរបស់វៀតណាម។
គួរបញ្ជាក់ថា គម្រោងសាងសង់នេះមានរយៈពេល ៣៦ ខែ និងត្រូវបានធ្វើឡើងស្របតាមសេចក្តីសម្រេច របស់បក្សកុម្មុយនីស្តវៀតណាម ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យក្លាយជាមហាអំណាចសមុទ្រ។ ថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម បានចាត់ទុកគម្រោងនេះជាភារកិច្ចនយោបាយស្នូល និងបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងបញ្ចប់ការសាងសង់ឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេសខ្ពស់បំផុត៕