ចិន៖ ព្យុះទីហ្វុង ដូលហ្វីន (Dolphin) ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំ២០២៦ បានវាយប្រហារភាគខាងកើតប្រទេសចិន ធ្វើឱ្យអាកាសយានដ្ឋានធំៗពីរក្នុងទីក្រុងសៀងហៃគឺអាកាសយានដ្ឋាន Hongqiao និង Pudong បានសម្រេចលុបចោលជើងហោះហើរជាង ៩០០ ជើងបន្ថែមទៀតកាលពីថ្ងៃចន្ទ បន្ទាប់ពីបានលុបចោលប្រមាណ ១,៣០០ ជើងកាលពីថ្ងៃអាទិត្យដែលសរុបកើនដល់ ២០០០ ជើងហោះហើរដោយសារតែការវាយប្រហាររបស់ព្យុះទីហ្វុងដូលហ្វីន។
យោងតាមការចេញផ្សាយរបស់កាសែត CBC អាជ្ញាធរចិន ក៏បានផ្អាកសេវារថភ្លើងក្រោមដី និងខ្សែរថភ្លើងជាង ១១៥ ខ្សែ ព្រមទាំងបានជម្លៀសប្រជាពលរដ្ឋរាប់សែននាក់ចេញពីតំបន់គ្រោះថ្នាក់ ខណៈទឹកជំនន់បានលិចលង់ផ្លូវថ្នល់ និងលំនៅឋានយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរចិនបន្តថា ព្យុះនេះបានបោកបក់បុកប៉ះឆ្នេរក្នុងខេត្ត Zhejiang កាលពីល្ងាចថ្ងៃអាទិត្យ ជាមួយល្បឿនខ្យល់ ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលថយឥទ្ធិពលមកជាព្យុះក្រោមក្តៅ (Tropical Storm) និងកំពុងផ្លាស់ទីទៅទិសពាយ័ព្យ។
អាជ្ញាធរចិន បានប្រកាសអាសន្នពីហានិភ័យទឹកជំនន់ភ្លាមៗ និងការបាក់ដី នៅពេលដែលព្យុះនេះបន្តរំកិលខ្លួនចូលទៅកាន់តំបន់កណ្តាល និងភាគខាងជើងប្រទេស រួមទាំងរដ្ឋធានីប៉េកាំងដែលត្រូវបានគេព្យាករណ៍ថា នឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំង។
ឥទ្ធិពលដ៏ធំធេងនៃព្យុះ ដុលហ្វីន ក៏បានបង្កផលប៉ះពាល់ដល់ប្រទេសជិតខាងចិន ដោយបានទាញខ្យល់រដូវវស្សាឱ្យធ្លាក់ភ្លៀងខ្លាំងនៅភាគខាងជើងកោះ Luzon ប្រទេសហ្វីលីពីន បណ្តាលឱ្យកើតមានគ្រោះបាក់ដី និងទឹកជំនន់ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់។ នៅហុងកុង ឥទ្ធិពលកម្ដៅមុនព្យុះបានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៣៦.៩ អង្សាសេ កាលពីថ្ងៃអាទិត្យ ដែលជាកម្រិតក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៨៨៤ មក៕