Swift cc time

តុលាការអាម៉េរិកសម្រេចឱ្យ Meta និងក្រុមហ៊ុនយក្ស៣ទៀត ប្រឈមបណ្តឹងជាង ៣ពាន់ករណី ជុំវិញការធ្វើឱ្យយុវជនញៀនបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ តុលាការឧទ្ធរណ៍សហរដ្ឋអាម៉េរិកបានសម្រេចថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមមាន Meta, Google, TikTok និង Snapchat ត្រូវតែប្រឈមមុខនឹងបណ្តឹងទារសំណងជាង ៣,០០០ ករណី ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនខាងលើបាននារចនាបណ្តាញសង្គមឱ្យយុវជនញៀនប្រើប្រាស់។ តុលាការឧទ្ធរណ៍តំបន់ទី៩ នៅទីក្រុង San Francisco បានបដិសេធការប្តឹងតវ៉ារបស់ក្រុមហ៊ុន Meta និង TikTok ដែលព្យាយាមរំលាយការសម្រេចរបស់តុលាការថ្នាក់ទាប ដោយបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះបានដាក់ពាក្យប្តឹងតវ៉ាលឿនពេក ខណៈដំណើរការក្តីមិនទាន់បញ្ចប់។

យោងតាមការចេញផ្សាយរបស់កាសែតCNA តុលាការអាម៉េរិក ក៏បានបដិសេធសំណើសុំពន្យារពេលសវនាការរបស់ Meta ក្នុងបណ្តឹងដែលដាក់ដោយអគ្គមេធាវីមកពី ២៩ រដ្ឋ ជុំវិញការប្រមូលទិន្នន័យកុមារដោយខុសច្បាប់ និងការភូតភរសាធារណជនអំពីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេ។ តំណាងដើមបណ្តឹងបានគូសបញ្ជាក់ថា ការសម្រេចនេះគឺជាការបិទផ្លូវចុងក្រោយរបស់ Meta ក្នុងការគេចវេសពីការបើកកកាយភស្តុតាងជាសាធារណៈនៅក្នុងសវនាការ។

គួរបញ្ជាក់ថា ការចាញ់ក្តីនេះ បានកើតឡើងបន្ទាប់ពីចៅក្រមនៅរដ្ឋ New Mexico បានបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ ៥៦៧ លានដុល្លារចូលមូលនិធិសុខភាពផ្លូវចិត្តយុវជន និងបន្ទាប់ពីគណៈវិនិច្ឆ័យនៅរដ្ឋ California បានរកឃើញថា Meta និង Google មានកំហុសពីបទធ្វេសប្រហែស ដោយតម្រូវឱ្យសងជំងឺចិត្ត ៦ លានដុល្លារទៅកាន់ជនរងគ្រោះម្នាក់ ដែលបានញៀន Instagram និង YouTube កាលពីកុមារភាព៕

Khcct banner

អត្ថបទទាក់ទង