អាត្លង់តា៖ ក្រុមអ្នកវិភាគ និងអ្នកជំនាញអន្តរជាតិបានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានដឹងយ៉ាងច្បាស់អំពីជម្រើស និងអត់ធ្មត់ដែលកាន់តែខ្សោះទៅៗរបស់សហរដ្ឋអាម៉េរិក ក្រោយពេលសង្គ្រាមអូសបន្លាយចូលដល់ខែទី៦។ មេដឹកនាំអ៊ីរ៉ង់ចាប់ផ្តើមមានអារម្មណ៍ថា ប្រធានាធិបតីអាម៉េរិក លោក ត្រាំ កំពុងស្វែងរកផ្លូវដើម្បីដកឃ្លាចេញពីជម្លោះនេះ ដោយគ្រាន់តែចង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ប្រកាសជ័យជម្នះ រួចបញ្ចប់សង្គ្រាមតែម្តង។
លោក David Sanger អ្នកវិភាគសន្តិសុខជាតិ និងនយោបាយរបស់បណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា អ៊ីរ៉ង់ដឹងយ៉ាងច្បាស់ថា អាម៉េរិកកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ អស់ជម្រើស ព្រមទាំងបាត់បង់ការអត់ធ្មត់ ហើយសង្គ្រាមនេះក៏មិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋអាម៉េរិក សូម្បីតែក្នុងចំណោមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ។
លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មេបញ្ជាការជាន់ខ្ពស់របស់លោក ត្រាំ ក៏បានពិភាក្សាផ្ទៃក្នុងដែរថា អាម៉េរិកចាំបាច់ត្រូវតែស្វែងរកផ្លូវដកថយ ពីសង្គ្រាមជាមួយអ៊ីរ៉ង់នេះឱ្យបាន។
អ្នកជំនាញយោធា និងជាអតីតកងទ័ពអាកាសអាម៉េរិក លោក Cedric Leighton បានបន្ថែមថា មន្ត្រីជាច្រើននៅក្នុងរដ្ឋបាលអាម៉េរិកមានទស្សនៈដូចគ្នានេះ ដោយសារកត្តាយោធាជាក់ស្តែង។ ការថយចុះយ៉ាងខ្លាំងនៃស្តុកគ្រាប់រំសេវ និងមីស៊ីលការពារអាកាសសំខាន់ៗ ដូចជាប្រព័ន្ធ Patriot និង THAAD ដែលចាំបាច់សម្រាប់ការពារកងទ័ពអាម៉េរិក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់អាម៉េរិក ក្នុងការបន្តប្រតិបត្តិការយោធាលើអ៊ីរ៉ង់៕