Swift cc time

នាយក FBI អាម៉េរិក សរសើរកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញឆ្លងដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ នាយកភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Kash Patel បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ព្រមទាំងប្រទេសក្នុងតំបន់ សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការចុះបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) និងបណ្តាញឧក្រិដ្ឋកម្មរៀបចំទុកឆ្លងដែន តាមរយៈ «ប្រតិបត្តិការ «Blackout»។

ថ្លែងប្រាប់សារព័ត៌មាន The Epoch Times លោក Kash Patel បានបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកទាំងនោះមានទំហំធំធៀបនឹងភូមិមួយទៅហើយ ដោយប្រើប្រាស់ពលកម្មបង្ខំ និងជនរងគ្រោះនៃការជួញដូរមនុស្សឱ្យរស់នៅ និងធ្វើការ ២៤ម៉ោង/៧ថ្ងៃ នៅក្នុងតំបន់ឆ្លងដែននៃប្រទេសកម្ពុជា ភូមា និងថៃ។ បញ្ហានេះបានបង្កការខូចខាតទឹកប្រាក់អស់រាប់រយពាន់លានដុល្លារ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទាំងនៅអាម៉េរិក និងក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា អាម៉េរិកបានពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរអនុវត្តច្បាប់ និងកងទ័ពនៃប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី រហូតឈានទៅសម្រេចបានប្រតិបត្តិការបង្ក្រាបធំៗចំនួន ៤ លើក (៣ លើកនៅអាស៊ីអាគ្នេយ៍ និង ១ លើកនៅឌូបៃ)។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អាជ្ញាធរបានរំដោះជនរងគ្រោះនៃការជួញដូរមនុស្សរាប់ពាន់នាក់ ព្រមទាំងបានដកហូតទ្រព្យសម្បត្តិជារូបិយប័ណ្ណគ្រីបតូ (Crypto) ប្រមាណ ១៥ ប៊ីលានដុល្លារ ពីមជ្ឈមណ្ឌលឆបោកដ៏ធំបំផុតមួយនៅក្នុង «ប្រតិបត្តិការ Exodus»។ បច្ចុប្បន្ន FBI កំពុងធ្វើការជាមួយក្រសួងយុត្តិធម៌អាម៉េរិក (DOJ) ដើម្បីរៀបចំប្រគល់ថវិកាទាំងនោះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ។

ជាចុងក្រោយ លោក Patel បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកអនឡាញ មិនមែនជាការប្រឈមមុខដាក់គ្នារវាងអាម៉េរិក និងកម្ពុជានោះទេ ប៉ុន្តែវាជាការរួមដៃគ្នារវាងអាជ្ញាធរអនុវត្តច្បាប់ និងប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រឆាំងនឹងក្រុមឧក្រិដ្ឋជនឆ្លងដែនដែលតែងតែឆ្លៀតឱកាសកេងប្រវ័ញ្ចលើជនរងគ្រោះដោយគ្មានព្រំដែន៕

Khcct banner

អត្ថបទទាក់ទង