កំពត៖ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងបន្តការសិក្សា លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រកាសថា រដ្ឋបាលខេត្ត នឹងសហការជាមួយលោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រៀបចំផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ជូនដល់បេក្ខជនដែលប្រឡងបាននិទ្ទេស A ។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ពីការផ្តល់រង្វាន់នេះ ក្នុងឱកាសបើកវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងធ្វើកិច្ចការប្រឡងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកនិទ្ទេស A មកតបស្នងសងគុណឪពុកម្តាយ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។ លោក សង្ឃឹមថា ចំនួនសិស្សទទួលបាននិទ្ទេស A នៅឆ្នាំនេះនឹងមានការកើនឡើងបន្ថែមទៀត បើធៀបនឹងឆ្នាំមុនដែលមានចំនួន ៨៨នាក់។
គួរបញ្ជាក់ថា សម្រាប់សម័យប្រឡង ១០ សីហា ២០២៦ នេះ ខេត្តកំពតមានមណ្ឌលប្រឡងសរុបចំនួន ១០មណ្ឌល (ក្រុងកំពត ៤មណ្ឌល, ស្រុកអង្គជ័យ ៣មណ្ឌល និងស្រុកទឹកឈូ ៣មណ្ឌល) ដោយមានបេក្ខជនក្នុងបញ្ជីឈ្មោះប្រឡងសរុបចំនួន ៥,២២៨នាក់ (ស្រី ៣,០៥៣នាក់)៕