Swift cc time

ពលរដ្ឋចិនជាង ១លាននាក់ ត្រូវបានជម្លៀសខ្លួនជាបន្ទាន់ ក្រោយព្យុះទីហ្វុង Dolphin វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ មនុស្សជាងមួយលាននាក់ នៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងស៊ាងហៃ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ បន្ទាប់ពីព្យុះទីហ្វុង Dolphin បានបោកបក់មកលើឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃអាទិត្យ។ អាជ្ញាធរឧតុនិយមចិនបានឱ្យដឹងថា ព្យុះនេះមានល្បឿនខ្យល់អតិបរមា ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលវាយប្រហារក្រុង Yuhuan ក្នុងខេត្ត Zhejiang មុនពេលបន្តទៅបោកបក់លើក្រុង Wenzhou។

យោងតាមការចេញផ្សាយរបស់កាសែតBBC ការមកដល់នៃព្យុះនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូន ដោយជើងហោះហើរជាង ១,៤០០ ត្រូវបានលុបចោលនៅទីក្រុងស៊ាងហៃ។ នៅក្នុងខេត្ត Zhejiang អាជ្ញាធរក្រុង Wenzhou បានជម្លៀសពលរដ្ឋប្រមាណ ៩០០,០០០ នាក់ និងបានបើកមជ្ឈមណ្ឌលជម្រកបណ្តោះអាសន្នជាង ១,០០០ កន្លែង។

អាជ្ញាធរចិន បានទម្លាក់កម្រិតប្រកាសអាសន្នមកត្រឹម «ព្យុះតំបន់ក្តៅ» (tropical storm) កាលពីព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដី នៅតែបន្តអនុវត្តរហូតដល់ថ្ងៃពុធ។ កន្លែងកម្សាន្តល្បីៗជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន រួមមានសួនកម្សាន្ត Disneyland និង Legoland ជាដើម។

គួរបញ្ជាក់ថា មុនពេលវាយប្រហារប្រទេសចិន ព្យុះ Dolphin នេះបាននាំឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្ស ៨ នាក់បាត់បង់ជីវិត និងបានបង្ករបួសដល់មនុស្សចាស់ ៥ នាក់នៅកោះ Okinawa ប្រទេសជប៉ុន។ អាជ្ញាធរចិនក៏បានឃាត់ខ្លួនមនុស្សពីរនាក់ ពីបទបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីសភាពការណ៍ព្យុះនៅលើបណ្តាញសង្គម៕

Khcct banner

អត្ថបទទាក់ទង