អង់គ្លេស៖ ស្រ្តីជនជាតិអង់គ្លេសមួយរូប គឺលោកស្រី Betty Bromage ដែលមានវ័យ ៩៧ ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោក Guinness ថ្មីមួយ ក្នុងការធ្វើសកម្មភាពឈរលើស្លាបយន្តហោះ (Wing Walking) កាលពីថ្ងៃទី ៤ ខែសីហា កន្លងទៅ នៅតំបន់ Gloucestershire ប្រទេសអង់គ្លេស។សកម្មភាពដ៏គួរឱ្យកោតសរសើរនេះ បានកើតឡើងត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានតស៊ូជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។
យោងតាមការចេញផ្សាយរបស់កាសែត The Economic Times តាមរយៈការហោះហើរដ៏ក្លាហាននេះ លោកស្រី Bromage បានឆ្លៀតឱកាសរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យដែលបានផ្តល់ការថែទាំ និងព្យាបាលរូបលោកស្រីកន្លងមក។
សកម្មភាពដ៏អស្ចារ្យនេះ បានក្លាយជាសារដ៏មានអត្ថន័យមួយ ដែលបង្ហាញឱ្យពិភពលោកឃើញថា អាយុមិនមែនជាឧបសគ្គនោះឡើយ សម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ស្វែងរកបទពិសោធន៍ដ៏រំភើបក្នុងជីវិត៕