ព្យុងយ៉ាង៖ ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាកូរ៉េខាងត្បូង Genians បានឱ្យដឹងថា ក្រុម Hacker កូរ៉េខាងជើង បានចាប់ផ្តើមយកបច្ចេកវិទ្យា AI មកប្រើប្រាស់ ដើម្បីជួយធ្វើឱ្យការវាយប្រហារតាមអ៊ីនធឺណិតកាន់តែលឿន ងាយស្រួលវិភាគទិន្នន័យដែលលួចបាន និងបង្កើតសារបោកប្រាស់កាន់តែដូចពិត។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនដដែលនេះបានរកឃើញភស្តុតាងដែលបង្ហាញថា ក្រុម Kimsuky ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានដំឡើងឧបករណ៍សម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងម៉ូឌែល AI ក្នុងស្រុក ដូចជា Ollama, GPT4All និង Msty រួមទាំងបច្ចេកវិទ្យាស្វែងរកឯកសារ RAG ដែលអនុញ្ញាតឱ្យពួកគេដំណើរការទិន្នន័យបានដោយមិនចាំបាច់ផ្ញើព័ត៌មានរសើបទៅកាន់សេវាកម្ម AI ខាងក្រៅឡើយ។
ក្រុមហ៊ុន Genians ក៏បានរកឃើញឧបករណ៍សរសេរកូដជំនួយដោយ AI ដូចជា Cursor កម្មវិធីបម្លែងសំឡេងទៅជាអត្ថបទ និងឯកសារនុយបោកប្រាស់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងរូបិយប័ណ្ណគ្រីបតូ ដែលបង្កើតឡើងដោយ AI ។
ការរកឃើញនេះបង្ហាញថា ក្រុម Kimsuky កំពុងពង្រីកសមត្ថភាពរបស់ខ្លួនលើសពីការប្រើប្រាស់ AI ត្រឹមតែបង្កើតសារបោកប្រាស់ ដោយឈានទៅរកការបញ្ចូល AI ទៅក្នុងការអភិវឌ្ឍកូដមេរោគ ការវិភាគទិន្នន័យ និងការវាយប្រហារតាមប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីបម្រើឱ្យគោលដៅយុទ្ធសាស្ត្រ និងការប្រមូលព័ត៌មានសម្ងាត់របស់កូរ៉េខាងជើង៕