Swift cc time

ព្យុះទីហ្វុង «Dolphin» វាយប្រហារចិន និងបង្ខំឱ្យលុបជើងហោះហើររាប់ពាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ការវាយប្រហារយ៉ាងខ្លាំងពី«ព្យុះទីហ្វុង Dolphin» បានបង្ខំឱ្យអាជ្ញាធរចិនប្រកាសលុបចោលជើងហោះហើរសរុបរាប់ពាន់ជើង និងផ្អាកប្រព័ន្ធដឹកជញ្ជូនជាច្រើន ក្រោយមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានប្រកាសអាសន្នកម្រិតពណ៌ក្រហម សម្រាប់ព្យុះទីហ្វុង Dolphin ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំ។ តាមប្រភពព័ត៌មានចិន វាកំពុងខិតជិត និងរំពឹងថានឹងបោកបក់ចំឆ្នេរសមុទ្រនៃខេត្តហ្សឺជាំង (Zhejiang) និងហ្វូជៀន (Fujian) ចន្លោះពីយប់ថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទ។

ព្យុះទីហ្វុងនេះត្រូវគេរំពឹងថានឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាង ៤០% បើធៀបនឹងព្យុះ Bavi កាលពីខែមុន ដោយកម្រិតទឹកភ្លៀងអាចកើនឡើងដល់ ៨០០ ទៅ ៩០០ មីលីម៉ែត្រ នៅតំបន់បោកបក់ចំ ហើយបន្ទាប់ពីឡើងគោក វានឹងផ្លាស់ទីយឺតៗឆ្ពោះទៅទិសខាងជើងដោយឆ្លងកាត់អាងទន្លេធំៗ ដូចជាទន្លេយ៉ង់សេ និងទន្លេលឿង បង្កឱ្យមានហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរ។

ឥទ្ធិពលនៃព្យុះនេះ បានបង្ខំឱ្យទីក្រុងស៊ាងហៃ និងខេត្តនៅភាគខាងកើតប្រទេសចិន ប្រកាសលុបចោលជើងហោះហើរ និងខ្សែរថភ្លើងជាច្រើនជាបន្ទាន់ ដោយក្នុងនោះ ទីក្រុងស៊ាងហៃបានលុបចោលជើងហោះហើរជិត ៦០% (សរុប ១៣៨៤ ជើង) ចំណែកព្រលានយន្តហោះ Hangzhou Xiaoshan ក្នុងខេត្តហ្សឺជាំង បានលុបចោល ២៧០ ជើង។

ចំណែក ខ្សែរថភ្លើងឆ្លងកាត់ក្រុងស៊ាងហៃ និងខេត្តចំនួន ៥ ផ្សេងទៀត ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន រីឯកំពង់ផែសំខាន់ៗត្រូវបិទប្រតិបត្តិការ ហើយប្រជាពលរដ្ឋជិត ១០ ម៉ឺននាក់ក្នុងខេត្តហ្វូជៀន ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ជាការឆ្លើយតប ក្រសួងធនធានទឹកចិន បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រៀមលក្ខណៈរៀបចំអាងស្តុកទឹកជាស្រេច ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ពីលំហូរទឹកជំនន់៕

Khcct banner

អត្ថបទទាក់ទង