Swift cc time

សាលាមួយនៅថៃ ប្រកាសប្ដូរទៅរៀនតាមអនឡាញ ក្រោយអតីតគ្រូបរទេសម្នាក់ គំរាមបាញ់ប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ សាលារៀន Hatyaiwittayalai School ស្ថិតក្នុងខេត្តសុងខ្លា ប្រទេសថៃ បានប្រកាសផ្អាកការសិក្សាផ្ទាល់ ហើយប្តូរទៅជាការបង្រៀនតាមអនឡាញវិញចំនួន៣ថ្ងៃ នៅថ្ងៃទី ១០-១១ ខែសីហា បន្ទាប់ពីអតីតគ្រូបង្រៀនភាសាអង់គ្លេសសញ្ជាតិបរទេសម្នាក់ដែលត្រូវបានបញ្ឈប់ពីការងារ បានបង្ហោះរូបថតកាំភ្លើង និងសារគំរាមកំហែងជាច្រើននៅលើបណ្តាញសង្គម។

យោងតាមការបញ្ជាក់របស់សាលារៀន បានឱ្យដឹងថា អតីតគ្រូបង្រៀនរូបនោះជាជនជាតិអាហ្វ្រិកខាងត្បូង ធ្វើការក្នុងកម្មវិធីភាសាអង់គ្លេស ហើយត្រូវបានលុបឈ្មោះចេញពីសាលាតាំងពីថ្ងៃទី ២៤ ខែកក្កដា ដោយសារការរំលោភលើកិច្ចសន្យាការងារ។ បន្ទាប់ពីត្រូវបណ្តេញចេញ រូបគេបានបង្ហោះរូបថតអាវុធកាំភ្លើង សារ និងសំឡេងគំរាមកំហែងនៅក្នុងក្រុមឆាត LINE បង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់សិស្ស អាណាព្យាបាល និងបុគ្គលិកសាលា រហូតឈានដល់ការប្តឹងប៉ូលិសឱ្យចាត់វិធានការតាមផ្លូវច្បាប់។

ជាការឆ្លើយតប ប៉ូលិសថៃ សហការជាមួយប៉ូលិសអន្តោប្រវេសន៍ខេត្តសុងខ្លា បានត្រួតពិនិត្យប្រវត្តិធ្វើដំណើរ និងរកឃើញថា អតីតគ្រូបរទេសរូបនេះបានចាកចេញពីប្រទេសថៃតាំងពីថ្ងៃទី ១៩ ខែកក្កដា ហើយមិនទាន់មានប្រវត្តិត្រឡប់ចូលមកវិញឡើយ។

បច្ចុប្បន្ន អាជ្ញាធរថៃ នៅតែបន្តពង្រឹងការរៀបចំសន្តិសុខនៅជុំវិញបរិវេណសាលារៀន ព្រមទាំងអំពាវនាវឱ្យសិស្ស និងអាណាព្យាបាលតាមដានព័ត៌មានផ្លូវការ ដើម្បីចៀសវាងការយល់ច្រឡំ ឬការភ័យស្លន់ស្លោ៕

Khcct banner

អត្ថបទទាក់ទង