ថៃ៖ ដើម្បីទប់ស្កាត់អំពើហិង្សា និងបៀតបៀននៅតាមគ្រឹះស្ថានសិក្សា ក្រសួងចំនួន ៥ របស់ប្រទេសថៃ បានសហការគ្នាបន្ទាន់ដើម្បីរៀបចំ និងដាក់ចេញនូវ «ស្តង់ដារសុវត្ថិភាពសាលារៀនថ្នាក់ជាតិ» ក្នុងរង្វង់ ៩០ ថ្ងៃ ព្រមទាំងប្រកាសអនុវត្តគោលនយោបាយ «មិនអត់ឱនជាដាច់ខាត» ចំពោះអំពើបៀតបៀន ឬការធ្វើបាប (Bullying)។ វិធានការក្តៅ នេះត្រូវធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់នៅសាលារៀន Debsirin Nonthaburi School ដែលបានផ្តាច់ជីវិតគ្រូបង្រៀន និងសិស្សសាលា សរុបចំនួន ៩ នាក់ ព្រមទាំងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ខ្មាន់កាំភ្លើងត្រូវបានដឹងថាធ្លាប់រងការធ្វើបាបពីមិត្តរួមថ្នាក់របស់គេ។
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង លោក យោចាណាន់ វង្សសុវ៉ាំត់ ឧបនាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា អាជ្ញាធរថៃ បានប្រកាសរឹតបន្តឹងការពិនិត្យសុខភាពផ្លូវចិត្ត និងអនុញ្ញាតឱ្យគណៈគ្រប់គ្រងសាលារៀនអាចឆែកឆេរកាបូបសិស្សដែលមានហានិភ័យ ដើម្បីទប់ស្កាត់ការនាំយកអាវុធ និងវត្ថុហាមឃាត់ចូលក្នុងបរិវេណសាលា។ ផែនការរយៈពេលវែងរួមមាន៖ ការពិនិត្យសុខភាពផ្លូវចិត្តសិស្ស និងគ្រូជាប្រចាំ, ការបណ្តុះបណ្តាលគ្រូអំពីការសង្គ្រោះបឋមផ្នែកចិត្តវិទ្យា (Train the Trainer) និងការហ្វឹកហាត់សមយុទ្ធឆ្លើយតបនឹងអាសន្ននៅតាមសាលារៀន។
លោក យោចាណាន់ បានគូសបញ្ជាក់ថា សម្រាប់វិធានការចំពោះមុខ សាលារៀនដែលកើតហេតុត្រូវផ្អាកការសិក្សាពេញមួយសប្តាហ៍ ខណៈបន្ទប់រៀនកើតហេតុត្រូវបិទបណ្តោះអាសន្ន ហើយអាជ្ញាធរបានបញ្ជូនក្រុមអ្នកចិត្តវិទ្យា និងបុគ្គលិកសង្គមកិច្ច ចុះទៅស្តារផ្លូវចិត្តសិស្ស គ្រូបង្រៀន និងអាណាព្យាបាលភ្លាមៗ។
ជាការឆ្លើយតប រដ្ឋាភិបាលថៃ បានបង្កើតប្រព័ន្ធជំនួយទាន់ហេតុការណ៍តាមខ្សែទូរស័ព្ទ ព្រមទាំងភ្ជាប់ទៅកាន់កម្មវិធី Traffy Fondue ដើម្បីឱ្យកុមារអាចរាយការណ៍ពីបញ្ហាសុវត្ថិភាពដោយទំនុកចិត្ត។ចំពោះគ្រួសារលោកគ្រូដែលបានពលីជីវិតក្នុងហេតុការណ៍នេះ ក្រសួងអប់រំក៏កំពុងរៀបចំផ្តល់ប្រាក់ឧបត្ថម្ភ និងការលើកសរសើរពិសេស។អាជ្ញាធរថៃ នឹងយកហេតុការណ៍ដ៏រន្ធត់នេះធ្វើជាមេរៀនសិក្សា ដើម្បីពង្រឹងសុវត្ថិភាពនៅតាមមជ្ឈមណ្ឌលថែទាំកុមារ និងគ្រឹះស្ថានសិក្សាទូទាំងប្រទេស កុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតឡើងជាថ្មីម្ដងទៀត៕