ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានទទួលមរណភាពហើយ ក្រោយពីត្រូវក្មេងស្ទាវ ចាក់នឹងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែកកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត និង បញ្ជូនបន្តទៅវៀតណាម។ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានទទួលមរណភាពនៅប្រទេសវៀតណាម។
បើតាមសាររំលែកទុក្ខពីក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អត្តលេខ ៥៨៥៣៥ ឋានៈ អធិការរងនគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាពនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ស ថេត ស្នងការនគរបាលជាតិ បានចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត សូមឆាប់ បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវក្មេងស្ទាវ ចាក់នឹងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត និង បញ្ជូនបន្តទៅវៀតណាម។ ហេតុការណ៍នេះ កើតឡើងក្នុងពេលលោកដឹកនាំកម្លាំងនគរបាលចុះអន្តរាគមន៍ទប់ស្កាត់ក្រុមក្មេងស្ទាវវាយគ្នា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរមួយ ដែលរៀបចំដោយទូរទស្សន៍ Town៕