Swift cc time

ឡាវ បណ្តេញជនជាតិ ថៃ ៣២ នាក់ ពាក់ព័ន្ធឆបោកអនឡាញទ្រង់ទ្រាយធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ អាជ្ញាធរឡាវ បានប្រគល់ខ្លួនជនជាតិថៃចំនួន ៣២ នាក់ឱ្យទៅមន្ត្រីព្រំដែនថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី ១ ដែលជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធខលសិនធ័រ (Call-center) និងល្បែងស៊ីសងខុសច្បាប់។ ក្រុមជនសង្ស័យទាំងនេះ ស្ថិតក្នុងចំណោមមនុស្សជិត ៦០០ នាក់ដែលត្រូវ បានឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែកក្កដា ក្នុងប្រតិបត្តិការឆែកឆេរដ៏ធំនៅមជ្ឈមណ្ឌលកាស៊ីណូ ST Vegas ស្ថិតក្នុងស្រុកហាត់សាយហ្វុង រាជធានីវៀងចន្ទន៍។

យោងតាមការចេញផ្សាយរបស់កាសែត The Loatian Times ក្នុងអំឡុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ៥៨៩ នាក់ ដែលមាន ៤ សញ្ជាតិ៖ ជនជាតិថៃ ៣៧៣ នាក់, ជនជាតិឡាវ ១៩៩ នាក់, ជនជាតិវៀតណាម ១៥ នាក់ និងជនជាតិខ្មែរ ២ នាក់។ អាជ្ញាធរឡាវ ក៏បានរឹបអូសបានឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿង ដែលប្រើប្រាស់សម្រាប់ដំណើរការបណ្តាញឆបោកឆ្លងដែនរបស់ក្រុមឆបោកទាំងនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន បានបញ្ជាក់ថា អាជ្ញាធរឡាវ បានបង្កើនការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានចាប់ខ្លួនមនុស្សជាង ៤,៤០០ នាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការឆបោកតាមទូរគមនាគមន៍ និងល្បែងស៊ីសងអនឡាញ ក្នុងអំឡុងឆមាសទី ១ នៃឆ្នាំ ២០២៦ នេះ។

អាជ្ញាធរឡាវ និងថៃ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមច្រកទ្វារព្រំដែន ដើម្បីត្រួតពិនិត្យ និងបែងចែកឱ្យច្បាស់រវាងជនល្មើស និងជនរងគ្រោះដោយសារការជួញដូរមនុស្ស ដែលត្រូវការជំនួយ និងការការពារ៕

Khcct banner

អត្ថបទទាក់ទង