Swift cc time

ក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍ ២៥កន្លែង ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ AUPP

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ "ទេពកោសល្យឌីជីថលតេជោ" ចំនួន ២៥ កន្លែង លើជំនាញថ្មីស្រឡាង វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ ការផ្តល់អាហារូបករណ៍នេះ ធ្វើឡើងក្នុងគោលបំណងកសាងធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសក្នុងយុគសម័យឌីជីថល។

យោងតាម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានការឧបត្ថម្ភ និងការគាំទ្ររយៈពេល ៤ ឆ្នាំ រួមមានការរ៉ាប់រងថ្លៃសិក្សា ១០០% រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រយួរដៃ (Laptop) ១ គ្រឿង ព្រមទាំងការជ្រោមជ្រែងដោយផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធានាឱ្យការសិក្សាទទួលបានជោគជ័យ។ លើសពីនេះ និស្សិតក៏នឹងទទួលបានឱកាសការងារល្អៗ ជាមួយប្រាក់បៀវត្សខ្ពស់នៅក្នុងក្រសួង ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនបច្ចេកវិទ្យានានាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមានឱកាសទទួលបានការរៀបចំពីក្រសួង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅក្នុង ឬក្រៅប្រទេសផងដែរ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន-បេក្ខនារីដែលមានបំណងដាក់ពាក្យស្នើសុំ ត្រូវតែជាសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២៦ ដោយទទួលបាននិទ្ទេសរួម A ព្រមទាំងទទួលបាននិទ្ទេស A លើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យាជាចាំបាច់ (ដោយមានការលើកទឹកចិត្តជាពិសេសសម្រាប់សិស្សពូកែគណិតវិទ្យា និងរូបវិទ្យាថ្នាក់ជាតិ)។ លើសពីនេះ បេក្ខជនទាំងអស់ត្រូវតែឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ក្នុងករណីដែលបេក្ខជនពុំទាន់មានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេសផ្លូវការនៅឡើយ។

សម្រាប់ការចុះឈ្មោះ បេក្ខជន-បេក្ខនារីត្រូវទៅចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានទីតាំងស្ថិតនៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អាចមើលទីតាំងលើ Google Map តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/maps-aupp) ដោយការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សាសធារណជនអាចទាក់ទងតាមទូរសព្ទ ឬ Telegram លេខ 070 366 623 / 093 366 623 ឬផ្ញើសារទៅកាន់អ៊ីមែល [email protected]

Khcct banner

អត្ថបទទាក់ទង