Swift cc time

កម្ពុជា-អាម៉េរិក ត្រៀមរៀបចំ«សមយុទ្ធ​យោធា»រួមគ្នាឡើងវិញទាំង ជើងគោក និងជើងទឹក ក្រោយខកខានច្រើនឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក នឹងបើកសមយុទ្ធហ្វឹកហ្វឺន«ការ៉ាត់»ឡើងវិញនៅឆ្នាំ២០២៧ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការលើកឡើងនេះ ក្នុងឱកាសលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យលោក នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

បើតាមអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាម៉េរិក ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាម៉េរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។ អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។

ជាការឆ្លើយតប លោកនាយឧត្តមនាវី STEPHEN T. WEB KOEHLER បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕


Khcct banner

អត្ថបទទាក់ទង