ហ្សឺណេវ៖ លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសារការពារ និងបកស្រាយជុំវិញប្រតិកម្មរបស់រដ្ឋាភិបាលថៃ លើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការភៀសខ្លួនរបស់ប្រជាជនកម្ពុជាប្រមាណ ៦៥០,០០០ នាក់ ដោយសារសកម្មភាពយោធាថៃ។ លោកបានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះទៅកាន់រដ្ឋាភិបាលថៃចំនួនពីរថ្ងៃមុនការប្រកាសជាសាធារណៈ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ ខណៈលោកនៅតែបើកចំហក្នុងការពិភាក្សា និងទទួលយកទស្សនៈពីភាគីថៃ។
ក្នុងសេចក្តីប្រកាសតបទៅថៃ លោក Tom Andrews បានអះអាងថា តួលេខពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០ នាក់ដែលត្រូវផ្លាស់ទីលំនៅដោយសារការឈ្លានពានរបស់យោធាថៃ គឺទទួលបានពីអង្គការសហប្រជាជាតិ (UN) ហើយការលើកឡើងរបស់លោក គឺផ្អែកលើការព្រួយបារម្ភអំពីសិទ្ធិមនុស្សសុទ្ធសាធ ដោយមិនពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យភាពទឹកដីនោះទេ។
បើតាមលោក Tom Andrews នៅខែខាងមុខ លោកនឹងបញ្ចប់របាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ហើយលោកនឹងទាក់ទងទៅរដ្ឋាភិបាលថៃម្តងទៀត ដោយសង្ឃឹមថានឹងមានការចូលរួមផ្លាស់ប្តូរយោបល់គ្នាមុនពេលរបាយការណ៍ត្រូវបោះពុម្ពផ្សាយ។
អ្នករាយការណ៍ពិសេសរូបនេះ បានគូសបញ្ជាក់យ៉ាងមុតមាំអំពីសារៈសំខាន់ដ៏ចាំបាច់ ក្នុងការដោះស្រាយជម្លោះព្រំដែននេះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ព្រមទាំងអាចស្តារជីវភាពតាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែនឡើងវិញ៕