Swift cc time

ថៃប្រកាសគាំទ្រទាំងស្រុង ឱ្យមីយ៉ាន់ម៉ាចូលអាស៊ានពេញលេញឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៦ ខែសីហា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយភាគីថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្ត «គាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធ» ជាមួយមីយ៉ាន់ម៉ា ដើម្បីឱ្យប្រទេសនេះអាចចូលរួមពេញលេញឡើងវិញនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅប្រទេសថៃ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul)។

ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ អង្គការសង្គមស៊ីវិលថៃចំនួន ១៦ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះ ដោយចោទប្រកាន់ថា ការទទួលស្វាគមន៍រូបលោកគឺជាការផ្តល់ភាពស្របច្បាប់ដល់របបយោធាមីយ៉ាន់ម៉ា។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ភឿងកេតកែវ បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថា នេះជារឿង «ការពិតស្តែង» ដែលថៃក្នុងនាមជាប្រទេសជិតខាងជាប់ព្រំដែន ត្រូវតែនិយាយជាមួយអ្នកកាន់អំណាចជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមព្រំដែន និងជំរុញសន្តិភាពតាមរយៈវិធីសាស្ត្រ «ការទាក់ទងគ្នាឡើងវិញ»។

អ្នកវិភាគមើលឃើញថា ការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងថៃ និងមីយ៉ាន់ម៉ានេះ កំពុងធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុច (5PC) របស់អាស៊ានកាន់តែមានភាពស្មុគស្មាញ និងធ្លាក់ចុះទម្ងន់កាន់តែខ្លាំង។

គួររំលឹកថា មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ ត្រូវបានអាស៊ាន និងសហគមន៍អន្តរជាតិរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់ ពីបទមិនគោរពតាម «កុងសង់ស៊ីស ៥ ចំណុច» (Five-Point Consensus) ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០២១។ របបយោធាមីយ៉ាន់ម៉ាក៏រងការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល រួមមាន៖ ការបង្ក្រាបដោយហិង្សាលើការតវ៉ា ការវាយប្រហារតាមអាកាសលើតំបន់ប្រជាជន និងការធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួនចោលផ្ទះសម្បែង បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

Khcct banner

អត្ថបទទាក់ទង