Swift cc time

តួប៉មឥដ្ឋលេខ១៣នៃ«ប្រាសាទភ្នំបាខែង»ត្រូវបានអ្នកជំនាញជួសជុលពង្រឹង ដំណាក់កាលទី២

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) នាទិសខាងត្បូងរបស់ប្រាសាទភ្នំបាខែង ក្នុងដំណាក់ទី២ ចាប់ពីផ្នែកខាងលើផ្តែរ រហូតដល់កំពូល មានចំនួន៣រួត ប្រវែងប្រមាណ ៧ម៉ែត្រ។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីផ្នែកខាងលើរបស់ផ្តែរនៃតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) រហូតទៅដល់កំពូលគឺមានបញ្ហារលុះឥដ្ឋខូចខាតធ្ងន់ធ្ងរ បណ្តាលមកពីកត្តាអាយុកាល កត្តាធម្មជាតិ និងអាកាសធាតុ ដោយបង្កឱ្យមានកំណកដី ឥដ្ឋពុកផុយបាត់បង់ល្បាក់ក្បាច់ផ្សេងៗរបស់ប្រាសាទ។ លើសពីនេះ ជញ្ជាំងផ្នែកខាងត្បូងចាប់ពីរួតទី២ បានរលុះបាក់ទាំងស្រុង។ រីឯផ្នែកខាងក្នុងនៃតួប៉ម ឥដ្ឋពុកផុយងាយនឹងរលុះឥដ្ឋផងដែរ។

បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុលសង្គ្រោះតួប៉មឥដ្ឋនេះ ដោយជួសជុលផ្ទៃជញ្ជាំងរបស់រួតនីមួយៗរហូតទៅដល់កំពូលឱ្យរឹងមាំជាមុនសិន មុននឹងឈានដល់ការជួសជុលនៅផ្នែកខាងក្នុងជាបន្តទៀត។ កិច្ចការជួសជុល ក្រុមការងារបានសម្អាតកំណកដីនៅតាមផ្នែកដែលពុកផុយពីមួយស្រទាប់ទៅមួយស្រទាប់ និងជួសជុលពង្រឹងនៅតាមចំណុចផ្ទៃជញ្ជាំងឥដ្ឋដែលហែកក្រៀក។ ចំពោះផ្នែកដែលបាត់បង់ទ្រង់ទ្រាយដើម ហើយចាំបាច់សម្រាប់ទ្ររចនាសម្ព័ន្ធខាងលើ គឺជួសជុលប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងតាមគំរូដើមដែលនៅសេសសល់ មកបំពេញទីតាំងដែលបាត់បង់ឱ្យមានលក្ខណៈពេញលេញ មានសោភ័ណភាព រឹងមាំ គង់វង្សយូរអង្វែងបន្តទៀត។

តាមការបញ្ជាក់ថារបស់អ្នកស្រី ឈុន រតនា រហូតមកដល់ពេលនេះ ក្រុមការងារបានជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង សម្រេចបាន៦០ភាគរយហើយ។ ចំណែកផ្នែកដែលនៅសេសសល់ គឺក្រុមការងារបន្តជួសជុលដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ពីព្រោះផ្នែកដែលនៅសេសសល់បានរងការខូចខាតធ្ងន់ធ្ងរ ដូចជាបាត់បង់ស្លាកស្នាម រូបរាងដើម និងល្បាក់ក្បាច់ផង។ ហេតុនេះហើយ ការងារជួសជុលត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់បំផុត៕


Khcct banner

អត្ថបទទាក់ទង