ថៃ៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) និង បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និង កិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។ កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម, កិច្ចព្រមព្រៀងរើសពលករ, លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA) និងភ្នាក់ងារអវកាសមីយ៉ាន់ម៉ា។នេះបើតាមការចេញផ្សាយរបស់កាសែត The Irrawaddy។
ថ្លែងនៅក្នុងជំនួបនោះ លោក អនុទីន បានគូសបញ្ជាក់ពីសារសំខាន់នៃការការពារសន្តិសុខតាមព្រំដែន និងការបង្ក្រាបបទល្មើសឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។ ជាមួយគ្នានេះ ភាគីថៃបានអះអាងពីការប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិរបស់ពលករមីយ៉ាន់ម៉ា ព្រមទាំងបានពិភាក្សាលើការដោះស្រាយបញ្ហាផ្សែងអ័ព្ទពុលឆ្លងដែន បញ្ហាបំពុលប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងកសិកម្ម។
ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងតំបន់ ប្រទេសទាំងពីរបានព្រមព្រៀងបើកដំណើរការស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ឡើងវិញ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) នៅក្នុងឆ្នាំនេះ៕