Swift cc time

អតីតសិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្ត្រ និងសង្គម ប្រាប់ពីគន្លឹះនៃការប្រឡងបាក់ឌុប ជោគជ័យកន្លងមក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ឆ្វេង៖ កញ្ញា ស៊ុន ណាផា  , ស្តាំ៖ កញ្ញា ឡេង នីតតា

ភ្នំពេញ៖ អតីតសិស្សនិទ្ទេស A លើកទឹកចិត្តសិស្សដែលប្រឡងបាក់ឌុបថ្ងៃទី១០ សីហា ខាងមុខនេះ ឱ្យបន្តខិតខំទោះក្នុងរយៈពេលចុងក្រោយ ប្រុងប្រយ័ត្នពេលកំពុងប្រឡង និងរក្សាអារម្មណ៍ឱ្យបាននឹងនរ ដើម្បីបញ្ចប់ការប្រឡងដោយរលូនរយៈពេលពីរថ្ងៃ។ ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ កញ្ញា ស៊ុន ណាផា ផ្នែកវិទ្យាសាស្រ្តសង្គម មកពីភ្នំពេញ រំលឹកសិស្សឱ្យអានសំណួរដោយប្រុងប្រយ័ត្ន និងយល់ស៊ីជម្រៅ ជាជាងការឆ្លើយចាកប្រធាន បាត់បង់ពិន្ទុ។ ចំណែកឯ កញ្ញា ឡេង នីតតា ផ្នែកវិទ្យាសាស្រ្ត មកពីខេត្តពោធិ៍សាត់ ជំរុញសិស្សយកចិត្តទុកដាក់ពេលគណនាលេខ ព្រោះថាបើខុសពីចំណុចដំបូង វានឹងធ្វើឱ្យលំហាត់បន្តបន្ទាប់អាចខុសចម្លើយ។

កញ្ញា ឡេង នីតតា សិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្ត មកពីខេត្តពោធិ៍សាត់

ក្នុងនាមជាសិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្ត មកពីខេត្តពោធិ៍សាត់ កញ្ញា ឡេង នីតតា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលធ្វើឱ្យកញ្ញាមិនសូវភ័យនៅថ្ងៃប្រឡងមកដល់ ដោយសារតែខ្លួនបានខិតខំប្រឹងរៀនពីដើមឆ្នាំ និងបន្តរំលឹកមេរៀនម្តងបន្តិចៗនារយៈពេលចុងក្រោយពេលជិតប្រឡង។ ជាពិសេស កញ្ញាមានអារម្មណ៍ផ្តោតនៅពេលប្រឡងដោយសារតែបានប្រុងប្រយ័ត្នខ្លាំងចំពោះការរក្សាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ចំពោះសុខភាពផ្លូវកាយ កញ្ញាធ្លាប់បានមានបញ្ហាឈឺក្បាលខ្លាំង និងមានបញ្ហាក្នុងការគេង រយៈពេលប្រមាណ ២ខែមុនការប្រឡងចូលមកដល់ ខណៈប្រទេសកំពុងជួបរឿងជម្លោះព្រំដែន តែកញ្ញាអាចជំនះបញ្ហានោះបានប្រសើរឡើងដោយបានកាត់បន្ថយពេលខ្លះសម្រាប់សម្រាករយៈពេលខ្លី ដើម្បីឱ្យខ្លួនឯងបានធូរស្រាល និងមានសមត្ថភាពផ្តោតមកវិញ ទើបចាប់ផ្តើមបន្តកាលវិភាគរៀនជាប់លាប់វិញ។

កញ្ញា ឡេង នីតតា  សិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្ត មកពីខេត្តពោធិ៍សាត់

សម្រាប់កញ្ញា នីតតា គ្រួសារបានចាត់ទុក សុខភាព ជាកត្តាសំខាន់ ក្នុងការបន្តការប្រឡងដោយរលូន ដូចនេះ ពុំបានរងសម្ពាធ អំឡុងពេលដែលកញ្ញាដកថយមួយរយៈសម្រាកនោះទេ ព្រោះតែការសម្រាកនោះហើយ ដែលអាចធ្វើឱ្យខួរក្បាលចាប់ផ្តើមស្រឡះឡើងវិញ និងអាចផ្តោតជាងមុន។កញ្ញា នីតតា បានបន្តរៀបរាប់ថា ការផ្តល់កម្លាំងចិត្តពីអាណាព្យាបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបភាពភ័យខ្លាចនៅថ្ងៃប្រឡងរបស់ខ្លួន ដែលធ្វើឱ្យផ្លូវចិត្តមានភាពនឹងនរអាចផ្តោតបានស្រួល។ ដូចនេះ កញ្ញា ផ្តល់គន្លឹះថា «ប្រសិនបើត្រូវការកម្លាំងចិត្ត សាកសុំម៉ាក់ប៉ាអោប ឬស្រោចទឹកអោយទៅ បើសិនជាវាអាចធ្វើឱ្យយើងបាត់ភ័យ ធ្វើអីបានក៏ធ្វើហ្នឹងទៅ កុំមានអារម្មណ៍អៀនអី»។

កញ្ញា ស៊ុន ណាផា សិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្តសង្គម មកពីភ្នំពេញ

ចំណែកឯ កញ្ញា ស៊ុន ណាផា សិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្តសង្គម មកពីភ្នំពេញ បានលើកឡើងមិនខុសពីកញ្ញា នីតតា នោះទេ ព្រោះកញ្ញាបានឆ្លងកាត់ផ្ទាល់ ដោយបានកើតជំងឺគ្រុនឈាម កាលពី៣សប្តាហ៍មុនប្រឡង ដែលជាងហេតុធ្វើឱ្យខាតពេល និងបាត់បង់កម្លាំងកាយមួយចំនួន មុនពេលប្រឡង។ ទោះជាបានជួបរឿងបែបនោះក្តី កញ្ញា មិនបានរាថយនៅក្នុងការខិតខំ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនោះឡើយ ដោយបានផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងថា «បានខិតខំតាំងពីដើមឆ្នាំមកហើយ រយៈពេលចុងក្រោយ គួរណាខិតខំរម្លឹកឡើងវិញបន្ថែមទៀត ចៀសវាងភ្លេចចំណុចសំខាន់ណាមួយ ដើម្បីសម្រេចបាននិទ្ទេសដែលខ្ញុំចង់បាន»។ កញ្ញាបានផ្តាំថា សិស្សត្រូវតែរក្សាសុខភាពជាចម្បង ជាពិសេស ក្នុងអាកាសធាតុបែបនេះ សិស្សអាចនឹងងាយឆ្លងជំងឺគ្រុនឈាមខ្លាំងនៅរដូវវស្សា ដែលចំណាយពេលយូរក្នុងការព្យាបាលជា។

កញ្ញា ស៊ុន ណាផា សិស្សនិទ្ទេស A ផ្នែកវិទ្យាសាស្រ្តសង្គម មកពីភ្នំពេញ

ជាគន្លឹះសម្រាប់ថ្ងៃប្រឡង អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៥ ទាំងពីរបានគូសបញ្ជាក់ថា ការប្រឡងថ្នាក់វិទ្យាសាស្រ្ត និងសង្គម អាចមានលក្ខណៈខុសគ្នាខ្លះៗ ដូចជារបៀបក្នុងការផ្តល់សំណួរសម្រាប់សិស្សឆ្លើយជាដើម។ សម្រាប់ថ្នាក់សង្គម កញ្ញា ណាផា ផ្តល់ជាយោបល់ថា សិស្សគួរចាប់ផ្តើមគិតពេលគ្រូកំពុងសរសេរសំណួរលើក្តារខៀនបណ្តើរៗ ដើម្បីចំណេញពេលវា ហើយត្រូវធ្វើសំណួរណាដែលខ្លួនចេះមុន ។ រីឯ កញ្ញា នីតតា ផ្នែកវិទ្យាសាស្រ្តវិញ បន្តដាស់តឿនថា ពេលប្រឡងមុខវិជ្ជាណាមួយ បើមានអារម្មណ៍ថាខ្លួនឯងធ្វើមិនបានល្អនៅមុខវិជ្ជាមុន ត្រូវរក្សាអារម្មណ៍សិន ហើយផ្តោតលើមុខវិជ្ជាបន្តទៀត ដើម្បីចៀសវាង អន់ចិត្តនឹងខ្លួនឯង ប៉ះពាល់ពិន្ទុមុខវិជ្ជាផ្សេងទៀត ដោយសារតែមិនបានផ្តោតធ្វើបានត្រឹមត្រូវ៕

ទស្សនាវីដេអូពេញ៖



Khcct banner

អត្ថបទទាក់ទង