Swift cc time

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១០ម៉ឺនដុល្លារ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់នៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់សារលិខិតរំលែកទុក្ខ និងថវិកាចំនួន ១០ម៉ឺនដុល្លារ ដែលជាវិភាគទានរបស់កាកបាទក្រហមកម្ពុជា ជូនសមាគមកាកបាទក្រហមចិន តាមរយៈលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្រាប់ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់នៅចិន ដែលបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ទាប់ និងប្រជាជនជិត ៩០ម៉ឺននាក់។

ក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាជនចិនដែលបានជួបប្រទះនូវគ្រោះមហន្តរាយទឹកជំនន់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ទាប់ និងប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួនទៀត។

ជាការឆ្លើយតប លោកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា កម្ពុជា និងចិន ជាបងប្អូនដែលតែងតែ «រួមសុខ រួមទុក្ខ» និងរក្សាបាននូវប្រពៃណីសាមគ្គីភាពដ៏យូរអង្វែង រវាងប្រជាជន និងប្រទេសទាំងពីរ ដោយជួយគ្នាទៅវិញ-ទៅមកនៅពេលមានទុក្ខលំបាក។ ស្ថានទូតចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាប្រពៃណីជួយគ្នាទៅវិញទៅមក និងបំពេញភារកិច្ចក្នុងប្រទេសរៀងៗខ្លួន ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអគ្គរដ្ឋទូតចិនរូបនេះ បានផ្តាំផ្ញើតាមរយៈលោកស្រីអគ្គលេខាធិការ សូមពាំនាំនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងប្រសិទ្ធពរជ័យជូនចំពោះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួនជានិច្ច ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ជាយូរអង្វែងតទៅ៕

Khcct banner

អត្ថបទទាក់ទង