Swift cc time

ក្រសួងអប់រំ និងអង្គការ OIF សហការពង្រឹងផែនការសកម្មភាពសម្រាប់«ភាសាបារាំង»នៅកម្ពុជារយៈពេល ៥ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ឆ្វេង៖ លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំង ស្តាំ៖ លោក Désiré Nyaruhirira តំណាងអង្គការ OIF
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ និងអង្គការ OIF នាថ្ងៃទី៥ សីហាម្សិលមិញ បានចុះហត្ថលេខាលើផែនការសកម្មភាពគាំទ្រការអប់រំភាសាបារាំងរយៈពេល ៥ឆ្នាំ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់កម្ពុជា និងអង្គការ OIF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ភាសាបារាំង ពង្រឹងគុណភាពនៃការបង្រៀន និងការរៀនភាសាបារាំង ព្រមទាំងអភិវឌ្ឍការអប់រំប្រកបដោយគុណភាព។

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក លុយ ដាវីដ ឯកអគ្គរាជទូតនៃកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង តំណាងឱ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចុះហត្ថលេខាលើផែនការសកម្មភាពគាំទ្រការអប់រំភាសាបារាំងរយៈពេល ៥ឆ្នាំ នៅកម្ពុជា ជាមួយលោក Désiré Nyaruhirira ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការ OIF និងជាតំណាងស្ដីទីនៃស្ថានតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ផែនការសកម្មភាពក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការ OIF និងក្រសួងអប់រំ នឹងផ្ដោតសំខាន់លើ ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាភាសាបារាំងសម្រាប់ថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១ ជីវភាសាទី២ និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង។ ការរៀបចំឡើងវិញនូវសៀវភៅសិក្សាគោលភាសាបារាំងសម្រាប់ថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១ ជីវភាសាទី២ និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង។

បន្ថែមពីនេះ នឹងផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនភាសាបារាំង និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង ក្នុងការប្រើប្រាស់សៀវភៅសិក្សាគោលថ្មី។ ការរៀបចំថ្នាលអភិវឌ្ឍសមត្ថភាពភាសាបារាំងលើថ្នាលអប់រំរបស់ OIF សម្រាប់គ្រូបង្រៀនកម្ពុជា។ ការរៀបចំកញ្ចប់អភិវឌ្ឍសមត្ថភាពភាសាបារាំងលើថ្នាលលើកកម្ពស់សមត្ថភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការបញ្ជូនគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តមកកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង