Swift cc time

យុវតីមកពីខេត្តសៀមរាបពីររូប ផ្តល់គន្លឹះដាក់អាហារូបករណ៍រៀនវិទ្យាល័យនៅសាលា Aiglon College ប្រទេសស្វីស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវតីពីររូប មកពីខេត្តសៀមរាប រួមមានយុវតី ឈាងខេង ជែន្នីហ្វឺរ និង យុវតី ឡេង សុនីសា ជាសិស្សអាហារូបករណ៍ពីសាលាអន្តរជាតិ Aiglon College ប្រទេសស្វីស ដែលជាអាហារូបករណ៍ផ្តល់ជូនសម្រាប់សិស្សានុសិស្សឆ្នើម ដែលមកពីវិទ្យាល័យនានានៅក្នុងប្រទេសកំពុងអភិវឌ្ឍជុំវិញពិភពលោក។ តាមរយៈអាហារូបករណ៍នេះ យុវតីទាំងពីរ បានរៀនសូត្រយ៉ាងច្រើនពីកម្មវីធីសិក្សានានា និងសិស្សដែលមានវប្បធម៌ផ្សេងៗគ្នា ដែលធ្វើឱ្យពួកគេអាចពង្រឹងសមត្ថភាពបានកាន់តែប្រសើរ ក្នុងការឈោងចាប់ក្តីស្រមៃបន្តទៀតនៅអាម៉េរិក។

កាលពីឆ្នាំ ២០២៣ យុវតី ឡេង សុនីសា ទទួលបានអាហារូបករណ៍ ក្នុងវ័យ១៥ឆ្នាំ កំពុងរៀននៅសាលា Jay Pritzker Academy (JPA) ខេត្តសៀមរាប។ យុវតីរូបនេះបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បានស្គាល់អាហារូបករណ៍មួយនេះព្រោះសាលាដែលនាងកំពុងរៀនគឺជាដៃគូរបស់សាលា Aiglon និងទទួលបានព័ត៌មានបន្ថែមតាមរយ:ដំណើរទស្សន:កិច្ចរបស់នាយកសាលា Aiglon មកកាន់សាលា JPA។

រីឯយុវតី ឈាងខេង ជែន្នីហ្វឺរ មានអាយុ ១៤ឆ្នាំ មកពីសាលាអន្តរជាតិសៀមរាប បានដឹងពីអាហារូបករណ៍តាមរយៈស្វែងរកព័ត៌មានអាហារូបករណ៍នៅលើ Google ដោយខ្លួន ពាក់ព័ន្ធនឹងការសិក្សា boarding school នៅ Switzerland ទេ តែក៏បានប្រទះនឹងឱកាសសិក្សានៅ Aiglon College ហើយចាប់អារម្មណ៍លើសាលាមួយនេះ។ ក្រោយមកនាងក៏ស្វែងយល់បន្ថែម ហើយទទួលបានការណែនាំពីបងប្រុស និងកញ្ញាតាន់ សម្ភស្សទើបសម្រេចចិត្តដាក់ពាក្យ និងឆ្លងកាត់ដំណាក់កាលជម្រុះនានាទើបទទួលបានអាហារូបរណ៍មួយនេះ។

យុវតីទាំងពីរបានបន្តថា ការដាក់អាហារូបករណ៍មួយនេះបែកចែកជាបួនដំណាក់កាលធំៗរួមមាន ដំណាក់កាលទីមួយ និងទីពីរ គឺបេក្ខជនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន មានដូចជាឈ្មោះ សាលារៀន ព័ត៌មានពីគ្រួសារ និងព្រឹត្តិបត្តិពិន្ទុ ឬសិក្ខាគារិក និង Letter of Motivation។ បន្ទាប់មកដំណាក់កាលទី៣ បេក្ខជនត្រូវធ្វើតេស្ត CEM និងតេស្តគណិតវិទ្យាដែលសមស្របជាមួយកម្រិតសិក្សារបស់បេក្ខជន និងដំណាក់កាលចុងក្រោយ បេក្ខជននឹងឈានដល់វគ្គសម្ភាសផ្ទាល់មាត់ជាមួយ នាយកសាលា និងផ្នែករដ្ឋបាលដែលទទួលឱ្យចូលសិក្សា។

ក្នុងនាមជាសិស្សអាហារូបករណ៍ យុវតីទាំងពីររូបទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កន្លែងស្នាក់នៅ សំបុត្រយន្តហោះ ការធ្វើដំណើរក្នុងតំបន់អឺរ៉ុប ប្រាក់ឧបត្ថម្ភ សម្ភារៈផ្សេងៗ និងការគាំទ្របន្ថែមណាមួយដែលត្រូវការសម្រាប់ការសិក្សា (ដូចជាថ្នាក់រៀនតន្ត្រី ឬការបង្រៀនបន្ថែមជាដើម) ព្រមទាំងសិក្សានៅសាលាដែលមានរចនាសម្ព័ន្ធល្អ និងបរិក្ខាប្រើប្រាស់ទំនើបៗ។ ជាពិសេស ដោយសាលា Aiglon ជាសាលដែលផ្តល់ទាំងការអប់រំ និងផ្ទះស្នាក់នៅនៅក្នុងសាលា ធ្វើឱ្យពួកគេមានភាពងាយស្រួល និងមិនចំណាយពេលច្រើននៅក្នុងការធ្វើដំណើរ។ បន្ថែមពីការសិក្សា ពួកគេក៏ទទួលបានការសិក្សាក្រៅម៉ោងដែលមានដូចជា ការរៀនភាសា ថ្នាក់តន្ត្រី ការបោះជំរុំ ការឡើងភ្នំថ្ម ការជិះទូក ការឡើងភ្នំក្នុងតំបន់អាល់ (Alps) ការហាត់សមត្ថភាពលើខ្សែពួរ (ropes courses) និងច្រើនទៀត ដែលសកម្មភាពទាំងនេះគឺផ្លាស់ប្តូរយ៉ាងទៀងទាត់ទៅតាមឆមាសនីមួយៗ។

យុវតីទាំងពីររូប បានបន្ថែមថា ចំណុចសំខាន់ដែលអាហារូបករណ៍ចង់បាន រួមមានត្រូវតែជាសិស្សឆ្នើមដែលមានលទ្ធផលសិក្សាល្អនៅក្នុងថ្នាក់វិទ្យាល័យ និងមានតម្រូវការផ្នែកហិរញ្ញវត្ថុ ។ លក្ខណៈសម្បត្តិបន្ថែមដែលបេក្ខជនត្រូវមានគឺ មានគោលជំហរផ្ទាល់ខ្លួន មានភាពស្វាហាប់ និងឆន្ទៈខ្ពស់ក្នុងការសិក្សា និងទាញយកផលប្រយោជន៍ពីឱកាសនានាដែលមាននៅចំពោះមុខ និងចូលរួមយ៉ាងសកមមនៅក្នុងសកម្មភាពនានានៅក្នុងសង្គម ព្រមទាំងមានលក្ខណៈសម្បត្តិសមស្របទៅនឹង គោលការណ៍ណែនាំ និងតម្លៃស្នូលរបស់ Aiglon ពោលគឺការមាន «ការអភិវឌ្ឍប្រកបដោយតុល្យភាពទាំងផ្នែកស្មារតី រាងកាយ និងចិត្តវិញ្ញាណ» តាមរយៈការគោរពគ្នា ការទទួលខុសត្រូវ ភាពចម្រុះ សមធម៌ និងការប្រឈមមុខនឹងបញ្ហាប្រកបដោយស្មារតីវិជ្ជមាន។

ចំពោះបរិបទនៃការសិក្សា និងស្នាក់នៅវិញចាប់ផ្តើមដោយការធ្វើសមាធិនៅពេលព្រឹក ចាប់ផ្តើមថ្នាក់រៀន ចូលរួមក្លឹមសិក្សា និងត្រឡប់មកអន្តេវាសិកដ្ឋានវិញ។ លើសពីនេះ គ្រូបង្រៀនមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយសិស្ស ទាំងក្នុង និងក្រៅម៉ោងសិក្សា ដែលអាចចែករំលែកកង្វល់ផ្សេងៗជាមួយពួកគេបាន នៅពេលសិក្សានៅទីនោះ។ នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ សាលាបានរៀបចំកម្មវិធីមួយឈ្មោះថា “Scholar Space” សម្រាប់សិស្សអាហារូបករណ៍មកពីជុំវិញពិភពលោកទាំងអស់អាចពិភាក្សាគ្នា ផ្តល់ព័ត៌មានឱ្យគ្នា ឆ្លុះបញ្ចាំងពីសកម្មភាពនានា និងផ្តល់មតិយោបល់ក្នុងពង្រឹងកម្មវិធីដែលខ្លះចន្លោះ និងគួអភិវឌ្ឍន៌បន្ថែម។ បន្ថែមពីនេះ សិស្សទាំងអស់អាច់ស្នើសុំបង្កើតក្លឹបសិក្សាក្នុងសាលា ហើយសាលានឹងផ្តល់ជំនួយពេញលេញសម្រាប់បង្កើតថ្នាក់នោះ។ ជាក់ស្តែងយុវតី ជែន្នីហ្វឺក៏បានបង្កើតក្លឹបផលិតគ្រឿងអលង្ការមួយផងដែរ អំឡុងពេលសិក្សានៅទីនោះ។

ក្នុងនាមជាសិស្សខ្មែរ សិក្សានៅស្វីស យុវតីទាំងពីររូបបានគូសបញ្ជាក់បន្ថែមថាក្រៅពីការសិក្សាតាមកម្មវិធី និងក្លឹបនានា ពួកគេបានរៀនពីមេរៀនជីវិតជាច្រើនដូចជា ការស្វែងយល់ពីទស្សនៈជាច្រើនពីមនុស្សជុំវិញខ្លួនដែលមានវប្បធម៌ចម្រុះដែលធ្វើឱ្យពួកគេ អាចស្វែងយល់ពីមនុស្សជុំវិញខ្លួនបានល្អជាងមុន រៀនសូត្រពីវប្បធម៌ ប្រពៃណី នយោបាយ និងសេដ្ឋកិច្ច។

ក្រោយពីបញ្ចប់ការសិក្សា យុវតី ជេន្នីហ្វឺ នឹងបន្តការសិក្សាជំនាញវិស្វកម្មគីមីជាកម្មវិធី ៤បូក១ ដែលនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១ឆ្នាំ នៅសាកលវិទ្យាល័យ Lehigh នៅអាម៉េរិក ព្រោះមានចំណាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ និងគីមីវិទ្យាក្រោយពេលទទួលបានបទពិសោធន៍រធ្វើការស្ម័គ្រចិត្តនៅឱសថស្ថាននៅមន្ទីរពេទ្យរតនគិរី ព្រមទាំងរំពឹងថា ការសិក្សាជំនាញមួយនេះនឹងធ្វើឱ្យនាងអាចជួយមនុស្សជុំវិញខ្លួន។ រីឯយុវតី សុនីសា វិញ ត្រូវបានទទួលឱ្យចូលរៀនជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យ Dartmouth College នៅអាម៉េរិក ព្រោះស្រលាញ់មុខវិជ្ជាវិទ្យាសាស្រ្ត និងជាគោលបំណងនៅក្នុងថ្នាក់វិទ្យាល័យ ព្រមទាំងជឿជាក់ថាគឺជាមុខវិជ្ជាដ៏សំខាន់មួយ ដែលនឹងបើកឱកាសការងារជាច្រើននៅពេលអនាគត។

ជាចុងក្រោយ យុវតីទាំងពីររូបបានផ្តល់ការណែនាំដល់បេក្ខជនដែលមានបំណងចង់ដាក់អាហារូបករណ៍នេះថា «ប្រកាន់ខ្ជាប់នូវភាពជាខ្លួនឯង ចូរធ្វើជាខ្លួនឯង ហើយខិតខំស្វែងរកឱកាសថ្មីៗជានិច្ចដើម្បីស្វែងយល់ និងអភិវឌ្ឍខ្លួន ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការទទួលយកគ្រប់ឱកាសដែលអាចធ្វើទៅបាន ព្រោះឱកាសនោះអាចនាំទៅរកភាពជោគជ័យ។ ប្រសិនបើមិនជោគជ័យក្នុងឱកាសនេះ គួរតែចាប់យកឱកាសដទៃទៀត រួមទាំងសាកល្បងឱ្យបានច្រើន។ សម្រាប់ព័ត៌មានបន្ថែមពីអាហារូបករណ៍ សូមចូលទៅកាន់ តំណរភ្ជាប់។»៕


Khcct banner

អត្ថបទទាក់ទង