Swift cc time

និស្សិតកូរ៉េខាងត្បូងត្រូវបានឃុំខ្លួនពី បទលួចចូលទៅក្នុងមូលដ្ឋានទ័ពអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សេអ៊ូល៖ ក្រុមនិស្សិតកូរ៉េខាងត្បូងចំនួនប្រាំបីនាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារពីបទលួចចូលទៅក្នុងមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិកដែលស្ថិតក្នុងប្រទេសកូរ៉េខាងត្បូង មុនការលួចចូលទៅមូលដ្ឋានទ័ពអាម៉េរិកក្រុមនិស្សិតបាននាំគ្នាស្រែកពាក្យស្លោកប្រឆាំងអាម៉េរិក។ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថាបុគ្គលិកយោធាអាម៉េរិកបានឃុំខ្លួននិស្សិតប្រុសបួននាក់ និងនិស្សិតស្រីបួននាក់ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ថាបានចូលទៅក្នុងមូលដ្ឋានទ័ពអាកាសអូសាន ជិតរដ្ឋធានីសេអ៊ូលក្រោយមកពួកគេត្រូវបានផ្ទេរទៅឃុំខ្លួនដោយអាជ្ញាធរកូរ៉េខាងត្បូង។

យោងតាមប៉ូលីសកូរ៉េខាងត្បូង ក្រុមនិស្សិតទាំងនោះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ការពារទីតាំងយោធានៅកូរ៉េខាងត្បូង ប៉ូលីសអះអាងទៀតថានិស្សិតទាំងនោះបានស្រែកពាក្យស្លោកនៅទីតាំងនោះ រួមទាំងចូរយើងកម្ទេចកងទ័ពអាកាសទី ៧ របស់សហរដ្ឋអាម៉េរិក ក្រុមនេះបានព្យាយាមចូលទៅក្នុងមូលដ្ឋានដោយខុសច្បាប់តាមរយៈច្រកទ្វារធំហើយត្រូវបានអាជ្ញាធរដែលយាមកាមនៅតំបន់បានដេញឃាត់ខ្លួន។ប៉ូលីសបន្ថែមទៀតថា ហេតុការណ៍នេះនឹងត្រូវបានដោះស្រាយស្របតាមច្បាប់ និងនីតិវិធីរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងដែលអាចអនុវត្តបាន។

គួររម្លឹកថាមានកងទ័ពអាម៉េរិកប្រហែល ២៨,៥០០ នាក់ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយទប់ស្កាត់ការឈ្លានពានដែលអាចកើតមានពីកូរ៉េខាងជើង ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ការស្ទង់មតិបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រសម្ព័ន្ធភាពយោធាអាម៉េរិក-កូរ៉េខាងត្បូង ប៉ុន្តែវត្តមានរបស់សហរដ្ឋអាម៉េរិក និងតួនាទីរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបក៏បណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនមិនពេញចិត្ត៕

Khcct banner

អត្ថបទទាក់ទង